លង់ទឹកសមុទ្រទៀតហើយ! យុវជន២នាក់នៅភ្នំពេញ ទៅលេងទឹកសមុទ្រ លង់ទឹកតែសំណាងល្អសមត្ថកិច្ចជួយទាន់
09-09-2016 15:37
(ភ្នំពេញ)៖ យុវជន២នាក់ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារបានធ្វើដំណើរទៅងូតទឹកសមុទ្រ ស្រាប់តែនៅវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានលង់ទឹកដោយសារតែទឹករលក ប៉ុន្តែភ្លាមៗនោះសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ច ដែលយាមប្រចាំគោលដៅជួយសង្គ្រោះទាន់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅឆ្នេរអូរឈើទាល មានភ្ញៀវទេសចរណ៍ឈ្លក់ទឹក២នាក់ ភេទប្រុសជនជាតិខ្មែរមកពីភ្នំពេញ ប៉ុន្តែពួកគេត្រូវបានកម្លាំងប្រចាំការគោលដៅ និងពេទ្យនគរបាលសុខាភិបាល ជួយទាន់ពេលវេលា។ ករណីនេះបណ្តាលមកពីពួកគាត់ ជិះពោងលេងទឹករលកមិនពាក់អាវពោង»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅរសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រមានខ្យល់បក់មធ្យម ទឹករលកយោងបង្គួរ ហើយនៅឆ្នេរអូរឈើទាល មានខ្យល់បក់ និងទឹករលកយោលបង្គួរ៕