(ភ្នំពេញ)៖ លោក សូ ប៊ុនណាល់ បានសុំការសណ្តោសប្រណី និងឧបត្ថម្ភ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីព្យាបាលជម្ងឺធ្ងន់ធ្ងរ និងបានជួបសម្ដេចតេជោ។ លោក សូ ប៊ុនណាល់ មានអាយុ ៦៨ឆ្នាំ រស់នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងមានដំបៅស៊ីមេជើង ពុំអាចដើររួចដោយខ្លួនឯងបានឡើយ លោក បានលក់ផ្ទះ និងបញ្ចាំដីកំណើត ដើម្បីយកមកពិនិត្យព្យាបាលជំងឺអស់ពីខ្លួន ហើយវ័យកាន់តែចាស់ គ្មានលទ្ធភាពដើម្បីព្យាបាលជំងឺទេ។
លោក សូ ប៊ុនណាល់ និងភរិយា រស់ ច័ន្ទ សូមលើកម្រាមដៃ១០ សំពះសុំការសណ្ដោសប្រណីពី សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាមិត្តផង ជាបងប្អូនផង និងជាអតីតកងកម្លាំងតស៊ូផ្ដួលរំលំកងកម្លាំងខ្មែរក្រហម ជាមួយគ្នាផង ដើម្បីបន្ដព្យាបាលជំងឺ និងជួយឲ្យមានជីវភាពល្អប្រសើរឡើង។
ប្រវត្តិរូបសង្ខេប៖
* ក្នុងអំឡុងឆ្នាំ១៩៧២ ខ្ញុំបាទ សូ ប៊ុនណាល់ មានតួនាទីភ្នាក់ងារមន្ទីរភូមិភាគ២០៣ ឬបូព៌ាទិស ខ្ញុំបាទបានជួបសម្ដេច ហ៊ុន សែន (ហ៊ុន ប៊ុនណាល់) ជាអនុសេនាតូចប្រធាន២ ដែលមានប្រធាន លោក សុខ សេន នៅរកាខ្នោរ ភូមិ២ ពេទ្យព២ ដែលជាពេទ្យសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ធ្វើការនៅទីនោះ ហើយសម្ដេច ជាមួយខ្ញុំក៏បានធ្វើជាមិត្តភក្តិ ដូចជាបងប្អូនអញ្ចឹង។
* ឆ្នាំ ១៩៧១-១៩៧២ សម្ដេចបានរងរបួសភ្នែក នៅជីរូ ជិតស្ពានគីស៊ូណាបច្ចុប្បន្ន
* ឆ្នាំ១៩៧៥ ខ្ញុំបាទ សូ ប៊ុនណាល់ បានឡើងជាប្រធានឧស្សាហកម្មមេព្រៃ នៅមន្ទីរភូមិភាគ ២០៣ -ឆ្នាំ ១៩៧៦-១៩៧៧ ខ្ញុំបាទបានតស៊ូខ្លាំងជាមួយកងកម្លាំងខ្មែរក្រហម
* ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ១៩៧៩ ខ្ញុំបានរៀបមង្គលការជាមួយសាមមិត្ត រស ច័ន្ទ ដែលអ្នកបម្រើការងារនៅផ្ទះ១០០ មានតួនាទីភារកិច្ចទទួលបន្ទុកចាត់ចែង រថយន្ដសម្រាប់ដឹកភ្លៀវបរទេស នៅព្រលានយន្ដហោះពោធិ៍ចិនតុង ដែលមានលោក យួស ប៉ោ ជាប្រធាន។
* ឆ្នាំ១៩៨១ ខែតុលា ខ្ញុំបាទ សូ ប៊ុនណាល់ បានទៅអប់រំនៅប្រទេសវៀតណាម រីឯភរិយាខ្ញុំ រស់ ច័ន្ទ បានត្រឡប់មកភូមិកំណើតវិញ។
* ឆ្នាំ១៩៨៤ ខ្ញុំបាទបានចូលបម្រើការងារ នៅក្រសួងឧស្សាហកម្ម
* ឆ្នាំ១៩៨៥ សម្ដេច និងសម្ដេច ជា ស៊ីម បានប្រគល់ផ្ទះខាងក្រោយវាំងដែលអតីតផ្ទះ ស៊ិន សុង ដែលគ្រានោះ សម្ដេចបានបើករថយន្ដដោយខ្លួនឯងម៉ាកឡាដា ជូនខ្ញុំ និងភរិយាមកដល់ផ្ទះនៅក្រោយវាំងតែម្ដង។
* ឆ្នាំ១៩៨៤-១៩៩១ ខ្ញុំបាទបានចូលបម្រើការងារនៅក្រសួងយុត្តិធម៌
* ឆ្នាំ១៩៩១-ចូលនិវត្តន៍ ចូលបម្រើការងារជានគរបាលជាតិ ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកអន្ដរាគមន៍។
ពិសេសជិវិតចុងក្រោយរបស់លោក សូរ ប៊ុនណាល់ គាត់ «ចង់ជួបសម្ដេចម្ដងទៀតសូមសម្ដេច និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ និងចៅប្រុស ចៅស្រី មានសុខភាពល្អ និងមានបញ្ញាឆ្លៀសវ័យ បន្ដដឹកនាំប្រទេសកម្ពុជាយើងជារៀងរហូត ។ នេះជាទូរស័ព្ទរបស់លោក សូ ប៊ុនណាល់ (សូ ណាល់) 012909209 និង 099 991899 ៕