(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២កូនថង់កិប, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន២គ្រាប់, កញ្ឆាក្រៀម ចំនួន១ថង់កិប, ទូរស័ព្ទ ចំនួន៤គ្រឿង, ខ្សែកលោហធាតុពណ៌លឿងលាយស ប្រវែង៤៦ស.ម ចំនួន១ខ្សែ មានបណ្តោងរូបព្រះ, ខ្សែដៃលោធាតុពណ៌ស ចំនួន២ខ្សែ, ក្រវិលលោហធាតុពណ៌លឿង ចំនួន១គូ, នាឡិកាដៃ ម៉ាក Panerai ខ្សែពណ៌ខ្មៅ ចំនួន១ខ្សែ, ប្រាក់បាត ចំនួន៧,០០០បាត រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បាន្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ អាយុ៤៤ឆ្នាំ ជនជាតិថៃ, ទី២៖ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅប៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ និងទី៣៖ឈ្មោះ ព្រេមវីត លីនឆាឡាប អាយុ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕