(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការប្រកាសសាលក្រមផ្តន្ទាទោសចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងនៅកម្ពុជា ដោយបានដាក់ទោសរយៈពេល ៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល, នៅរសៀលថ្ងៃទី០៩ ខែកញ្ញានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងតាមរយៈលិខិត ចំហរមួយរបស់លោកថា «នៅថ្ងៃនេះការអនុវត្តនីតិវិធីរបស់តុលាការ ទទួលបានជោគជ័យជាមួយ និងភាពរលូនប្រសិទ្ធិភាព ចំពោះការវិនិច្ឆ័យលើករណីរលោក កឹម សុខា ដែលលោកបាន បោះបង់សិទ្ធិដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែលជាកាតព្វកិច្ចរាល់ជនគ្រប់រូប»។
លិខិតចំហររបស់លោក ផៃ ស៊ីផាន ដែលផ្ញើជូនអង្គភាព Fresh News មានខ្លឹមសារយ៉ាងដូច្នេះថា៖
* នៅថ្ងៃនេះការអនុវត្តនីតិវិធីរបស់តុលាការទទួលបានជោគជ័យជាមួយ និងភាពរលូនប្រសិទ្ធិភាព ចំពោះការវិនិច្ឆ័យលើករណីរបស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែលជាកាតព្វកិច្ចរាល់ជនគ្រប់រូប នោះមិនថា ពូជពណ៌ ឋានៈនៅក្នុងសង្គមនោះឡើយ។
* ដំណើរការអនុវត្តនេះ គឺជាសសរស្ដមមួយនៃកិច្ចពង្រឹងបន្ថែម និងបន្តការអភិវឌ្ឍន៍សង្គមប្រជាធិបតេយ្យ ប្រកបដោយស្ថេរភាព និងនីតិរដ្ឋជាមូលដ្ឋាន (ប្រជាធិបតេយ្យស្ថេរភាព)។
* ករណីរបស់ ឯកឧត្តម កឹម សុខា គឺជារឿងឯកជនផ្ទាល់ ហើយមិនសហការជាមួយ និងតុលាការ ដែលជាស្ថាប័នឯករាជ្យ មិនស្ថិតនៅក្រោមឥទ្ធិពល នៃការដាក់សម្ពាធ ឬជ្រាតជ្រែង ជាមួយនិងដំណើរការនីតិវិធី ដែលច្បាប់បានការពារភាពឯករាជ្យ និងប្រសិទ្ធិភាពរបស់តុលាការ។
* ខ្ញុំសូមថ្លែងនូវការសោកស្តាយចំពោះ អំពើឯកជនផ្ទាល់សុទ្ធសាធរបស់ឯកឧត្តម កឹម សុខា ដែលលោកប្រឆាំង និងស្ថាប័នតុលាការ ក៏ដូចជាច្បាប់ជាតិហើយ បាននិងកំពុងបំភ្លៃ ករណីផ្ទាល់ខ្លួនឲ្យក្លាយទៅជារឿងនយោបាយ និងយកគណបក្សសង្រ្គោះជាតិព្រមជាមួយ និងអ្នកគាំទ្រស្លូតត្រង់ ជាចំណាប់ខ្មាំង និងក្លាយ ទៅជាឈ្នាន់ ដើម្បីការពាររឿងអាស្រូវរបស់ខ្លួនផ្ទាល់ ដោយប្រឌិត និងបំភ្លៃ អំពាវនាវប្រជាពលរដ្ឋទាំងនោះ ក្នុងរូបភាពជាសាក្សី ប៉ុន្តែការពិតនោះគឺយកជារនាំង ការពារផលប្រយោជន៍បុគ្គលខ្លួនផ្ទាល់ ជាមួយនិងការប្រឆាំង នៃដំណើរការកាត់ក្តីរបស់តុលាការនេះ។ ច្បាប់ជាផលប្រយោជន៍ និងជាឆន្ទៈរបស់មហាជនរួមទាំង ធរមាន និងសុពលភាព តម្រូវឲ្យគោរពជាដាច់ខាត។ ការគៀងគរបង្កើតចលនាមហាជន ប្រឆាំងនឹងច្បាប់ប្រឆាំងតុលាការ គឺមិនមែនស្ថិតនៅក្នុងសង្គម ប្រជាធិបតេយ្យ និងនីតិរដ្ឋនោះទេ នេះគឺជាចលនាឧទ្ទាមកម្មសុទ្ធសាធ ប្រឆាំងនិងបំផ្លាញ ឬជាឧបសគ្គ ក្នុងការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យកម្ពុជា។
* ខ្ញុំសូមឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ គោរពចំពោះមហាជន ដែលបានចូលរួមចំណែក រក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏សូមគោរពព្រមជាមួយនឹង អំណរគុណជូនចំពោះរាល់សមត្ថកិច្ច ដែលលោកពាក់ព័ន្ធ ក្នុងកិច្ចថែរក្សានៃដំណើរការរបស់ តុលាការក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈ នៅពេលនេះផងដែរ។
* ខ្ញុំសូមអំពាវនាវដល់រាល់ភាគីពាក់ព័ន្ធ មេត្តាសហការជាមួយ និងដែនសមត្ថកិច្ច ដើម្បីរក្សាការពារនូវលទិ្ធប្រជាធិបតេយ្យ ស្ថេរភាព និងនីតិរដ្ឋ ដែលកំពុងដំណើរការរស់រវើកក្នុងបច្ចុប្បន្ននេះ៕