(ភ្នំពេញ)៖ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជាស្ថាបនិកមន្ទីរសម្រាកព្យាបាលកម្ពុជា បានគោរព និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលដឹកនាំការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដោយផ្ទាល់ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ ដើម្បីមនុស្សធម៌ចំនួនពីរប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ គោលបំណងធំៗបី ក្នុងការបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះ៖ ១- តបតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន, ២-ដើម្បីផ្សព្វផ្សាយអំពីការរួបរួមសាមគ្គី និងទំនាក់ទងល្អក្នុងសង្គម ក្រោមម្លប់សន្តិភាព និង៣-ដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោបានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោក៏បានអំពាវនាវសប្បុរសជន ចូលរួមជួយថវិកាសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា ហើយសម្តេចតេជោបានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកាចំនួន ២០០លានរៀល។
សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕