រថយន្តក្រុងបើកធ្លាក់ពីស្ពានទៀតហើយ នៅឥណ្ឌា នាំឲ្យមនុស្សស្លាប់និងរបួស ៤៨នាក់
09-09-2016 14:55
(ញូដេលី)៖ យ៉ាងហោចណាស់មនុស្ស ១៨នាក់ស្លាប់ និង ៣០នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុង ដែលពួកគេជិះបានជ្រុលចង្កូត ធ្លាក់ពីលើស្ពាន នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
មន្ត្រីប៉ូលិសឥណ្ឌា បានប្រាប់ស៊ិនហួរឲ្យដឹងទៀតថា «គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង នៅតាមដងផ្លូវនៃស្រុក Angul នៃរដ្ឋ Odisha ដោយត្រង់ចំណុចស្ពាន Manitri ដែលមានកម្ពស់ ជាង ២០ម៉ែត្រ មានភាពពិបាកក្នុងការធ្វើដំណើរ ទើបរថយន្តក្រុងដឹកមនុស្សពេញខាងលើនេះ បានជ្រុល បង្កូតធ្លាក់ចូលទៅក្នុងស្ទឹងតែម្តង»។
ក្រោយកើតហេតុមនុស្ស ១៨នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ៣០នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។ កាលពីបីខែមុននេះ គ្រោះថ្នាក់ស្រដៀងគ្នា បានកើតឡើងនៅស្រុក Bargarh នាំឲ្យមនុស្ស ២៣នាក់ស្លាប់ និង កាលពីខែមេសា គ្រោះថ្នាក់ស្រដៀង គ្នានេះទៀត បានកើតឡើងនៅស្រុក Deogarh បណ្តាលឲ្យមនុស្ស ៣០នាក់ស្លាប់៕