(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកថា លោក សម រង្ស៉ី ជាអ្នកនយោបាយក្បាត់ជាតិ បន្ទាប់ពីទណ្ឌិតរូបនេះ បានវាយប្រហារដល់គម្រោងព្រែកជីកហ្វ៊ូណនតេជោ របស់រាជរដ្ឋាភិបាល ដែលប្រឆាំងទាំងស្រុងទៅនឹងផលប្រយោជន៍ជាតិ និងប្រជាជន។
តាមរយៈបណ្តាញសង្គម លោក ពេជ្រ ស្រស់ បានលើកឡើងថា៖ «⛔️ បើទោះបីជាប្រឆាំងដៃគូនយោបាយយ៉ាងណា ក៏ពុំគួរប្រឆាំងនឹងផលប្រយោជន៍ជាតិនោះដែរ ⛔️⛔️⛔️⛔️ លោក សម រង្ស៉ី ជាអ្នកនយោបាយជំនាន់ចាស់មួយរូប ដែលតែងតែតាំងខ្លួនជាអ្នកប្រឆាំងដើម្បីប្រយោជន៍ជាតិ និងប្រជាជនខ្មែរ ប៉ុន្តែសកម្មភាពគាត់គឺផ្ទុយស្រលះពីមាត់របស់គាត់និយាយ ព្រោះគាត់តែងតែធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិ ព្រមទាំងដុតប្រទេសខ្លួនឯងតាមរយៈអ្នកគាំទ្ររបស់ខ្លួន និងទៅរាំងខ្ទប់បរទេសមិនឱ្យជួយខ្មែរជារៀងរហូតមក។ សម រង្ស៉ី ពិតជាជនក្បត់ជាតិមែន»។
ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពីសំណាញ់ច្បាប់របស់កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចេញមកជំទាស់នឹងគម្រោងព្រែកជីកហ្វូនណនតេជោ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវរបស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់ចិន។
គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍មហាសាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ៕