(បាត់ដំបង)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ហែម ថេង បានដឹកនាំក្រុមការងារនាំមូលនិធិសម្តេចក្រឡហោម ស ខេង ទៅចែកជូនស្រ្តីសម្រាលកូន គ្រួសារអ្នកស្លាប់៣៥នាក់ និងប្រគល់ស្ពានសហគមន៍ ធ្វើពីដែកចំនួន៣កន្លែងបន្ទាប់ពីសាងសង់រួចជូនទៅប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានថ្លែងថា ក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ និងសការីទាំងអស់ តែងតែចុះមកមូលដ្ឋានជាប្រចាំដើម្បីពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាកង្វល់ ការខ្វះខាតរបស់ពួកគាត់ ព្រមទាំងបានកសាងសមិទ្ធិផលជាច្រើនមានដូចជា៖ ធ្វើផ្លូវថ្នល់តាមភូមិ ជីកប្រឡាយតូចធំ រំដោះទឹក ស្តុកទឹកទុកសម្រាប់ធ្វើស្រែចំការ និងបានធ្វើកិច្ចការជាច្រើនទៀត បម្រើពួកគាត់បានល្អប្រសើរ ដោយក្រុមការងារពួកលោក ជាមន្រ្តីរាជការត្រូវបម្រើ និងចាត់ទុកប្រជាពលរដ្ឋជាធំ។
លោកប្រធានក្រុមការងារថ្នាក់ជាតិ បានបញ្ជាក់ថា បន្ទាប់ពីបានចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋកន្លងមកថ្មីៗនេះ ក្រុមការងារបានដោះស្រាយរាល់សំណូមពរ ជាច្រើនតាមការស្នើសុំរបស់ប្រជាពលរដ្ឋយើង និងដើម្បីឆ្លើយតបតាមសំណូមពរផងនោះ លោកបានសាងសង់ស្ពានសហគមន៍ធ្វើអំពីដែកចំនួន៣កន្លែងរួច ប្រគល់ជូនពួកគាត់សម្រាប់ប្រើប្រាស់ ប្រយោជន៍សាធារណៈ ដោយធ្វើតាមទំហំតាមតម្រូវការដែល ស្ថិតនៅក្នុងភូមិកំប៉ូវ ភូមិក្តោង និងភូមិក្រពើកើត។ សម្រាប់មូលនិធិសម្តេចក្រឡាហោម ស ខេង នៅតាមខ្នងផ្ទះនីមួយៗ ក្នុងភូមិទាំង១០ ក្នុងឃុំភ្នំសំពៅមាន៖ ស្រ្តីសម្រាលកូនចំនួន២៣នាក់ ម្នាក់ៗទទួលបាន២០ម៉ឺនរៀល បុណ្យសពចំនួន១២នាក់ម្នាក់ៗ ទទួលបាន២០ម៉ឺនរៀល។ នៅក្នុងឱកាសនោះ លោក ហែម ថេង ក៏បានជម្រុញឲ្យពលរដ្ឋទៅចុះឈ្មោះ ឲ្យបានរស់រាន់ទាន់ពេលនឹងបាន អំណរគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់សមិទ្ធិផលជាច្រើនដល់ពូកគាត់ ដោយបានអបអរនឹងសប្បាយរីករាយដែលបានទទួលសមិទ្ឋផលថ្មីៗ ជាច្រើនពីក្រុមការងារកន្លងមក ក៏ដូចជាទៅថ្ងៃអានាគត់ផងដែរ។
នៅព្រឹកមិញនេះដែរ ក្រុមការងារបានធ្វើពិធីប្រកាសបញ្ចូលសកម្មជនថ្មីចំនួន០២រូប (មកពីគណបក្សសង្រ្គោះជាតិ) ដែលមានឈ្មោះ ៖ លោក សេង ឌឿត និងលោកស្រី សេង សាន ដោយមានធ្វើពិធីសាសនាផឹកទឹកសម្បថចំពោះមុខព្រះសង្ឃផងដែរ។ ក្នុងទិសដៅអនុវត្តបន្ត ក្រុមការងារបាន ត្រៀមរៀបចំប្រកាសក្រុមបក្ស ទូទាំងឃុំភ្នំសំពៅ ត្រៀមរៀបចំប្រកាសសកម្មជនវ័យ កណ្តាលចំនួន៣០០នាក់ និងសកម្មជនយុវជនចំនួន៣០០នាក់ ទូទាំងឃុំភ្នំសំពៅ។
ការប្រគល់សមិទ្ធិផលជូនប្រជាពលរដ្ឋនោះមាននូវផ្លូវលំ ក្រាលក្រួសក្រហម ចំនួន០៣ខ្សែ ដែលស្ថិតក្នុងភូមិក្រពើជើងប្រវែង ៣,០៥២ម៉ែត្រ និងភូមិក្រពើត្បូងប្រវែង ២,៥០០ម -ភូមិសំណាញ់ ប្រវែង១,០០០ម៉ែត្រ ដោយចាប់ផ្តើមធ្វើនៅថ្ងៃស្អែកទៅដោយការចំណាយប្រចាំខែសីហា សរុបថវិកាចំនួន ៣២,៨១៧ដុល្លារផងដែរ៕