(ភ្នំពេញ)៖ តារាចម្រៀង ខាត់ សួស្តី បានចូលរួមឧបត្ថម្ភ ១លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា ហើយសម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកាចំនួន ២០០លានរៀល។
សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕