Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Pacquiao ប្រកាសគាំទ្រនយោបាយលោក Duterte ខណៈលោក អូបាម៉ា អះអាងថា លោកមិនយកពាក្យជេររបស់មេដឹកនាំហ្វីលីពីននេះ មកដាក់ខ្លួនឡើយ

09-09-2016 14:27

(ម៉ានីល)៖ កីឡាករប្រដាល់ជនជាតិហ្វីលីពីនដ៏ល្បីល្បាញ លោក Manny  Pacquiao បានសម្តែងការ គាំទ្រ ចំពោះប្រធានាធិបតីរបស់ខ្លួនគឺលោក Rodrigo Duterte លើយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅហ្វីលីពីន ដោយស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកមិនដែលខ្វល់ពីសម្តីរបស់លោក Rodrigo Duterte ដែលបានត្មិះដៀលកាលពី ប៉ុន្មានថ្ងៃមុននោះឡើយ។ នេះបើតាមការផ្សាយដោយ Reuters នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Pacquiao បាននិយាថា «ប្រធានាធិបតីប្រទេសខ្ញុំបានសូមទោសចំពោះ អ្វីដែលលោកបាននិយាយ ហើយពេលខ្លះលោកនិយាយស្តី ដោយប្រើពាក្យពេជន៍មួយចំនួន ដែលមនុស្ស នៅជុំវិញខ្លួនលោកមិនពេញចិត្ត ប៉ុន្តែខ្ញុំតែងតែគាំទ្រជានិច្ច ចំពោះប្រធានាធិបតីរបស់ខ្ញុំ»

លោក Pacquiao ក៏បានបង្ហាញពីទស្សនរបស់លោកលើ យុទ្ធនាការបង្រ្កាបគ្រឿងញៀននៅហ្វីលីពីនដែរ ដោយលោកបានបញ្ជាក់ថា លោកគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការមួយនេះ ទោះបីជាវាបណ្តាលឲ្យ មានមនុស្សស្លាប់ច្រើនក្តី  ព្រោះថាដើម្បីកម្ចាត់គ្រឿងញៀនឲ្យអស់ពីប្រទេសហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីន ត្រូវតែប្រើមធ្យោបាយតឹងរឹងបែបនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសន្និសិតសារព័ត៌មានមួយ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «ខ្ញុំមិនយកពាក្យសម្តីរបស់លោក Duterte ដែលបាននិយាយកាលពីប៉ុន្មានថ្ងៃមុន មកដាក់ខ្លួនទេ ព្រោះថាវាហាក់ដូចជាការប្រើពាក្យមិនសមរម្យទាំងអស់នេះ គឺជាទម្លាប់នៃការនិយាយស្តីររបស់លោក Duterte ទៅហើយ» ។

គួររំលឹកថា នៅដើមសប្តាហ៍នេះលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រើពាក្យសម្តី មិនសមរម្យ សំដៅទៅលើ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីមេដឹកនាំពិភពលោក រូបនេះ បានចោទសួរ លើបញ្ហាការសម្លាប់ក្រៅប្រព័ន្ធតុលារ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់លោក Duterte ហើយក្រោយពីបានជ្រាបដំណឹងនេះ លោក អូបាម៉ា បានលុបចោលជំនួបទ្វេភាគី រវាងមេដឹកនាំទាំងពីរ។

យ៉ាងណាមិញ លោក អូបាម៉ា និងលោក Duterte ទើបនឹងបានជួបពិភាក្សាគ្នារយៈពេលខ្លី នៅអំឡុងពេលនៃកិច្ចប្រជុំអាស៊ាន នៅវៀងច័ន្ទ ប្រទេសឡាវដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ៕