(ភ្នំពេញ)៖ មន្រ្តីសាលាភូមិន្ទរដ្ឋបាល បានរួមគ្នាផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោគ និង សម្ភារៈសិក្សាមួយចំនួនទៀត មានតម្លៃសរុបជិត ២ពាន់ដុល្លារ ជូនដល់អង្គការ «អនាគតថ្មីសម្រាប់កុមារ» ដើម្បីជួយដល់កុមារកំព្រា និងកុមារក្រីក្រ។ កម្មវិធីនេះ មានការចូលរួមពីលោកអភិបាល ខណ្ឌច្បារអំពៅ និងថ្នាក់ដឹកនាំ នៃសាលាភូមិន្ទរដ្ឋបាលកម្ម សិក្សាការីចំនួន ៥៧រូប និង កុមារា កុមារី ចំនួន ៨០រូប។

អំណោយដែលមន្រ្តីសាលាភូមិន្ទរដ្ឋបាល ផ្តល់ជូនដល់អង្គការ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ រួមមាន៖ កង់ អង្ករ ត្រីខ សម្ភារៈសិក្សា មានសៀវភៅ ប៊ិច កាតាប ថវិកាសរុប នៃការចំណាយ ទាំងអស់ ១,៧០០ដុល្លារ និងថវិកាតម្កល់នៅអង្គការ ១លានរៀល ព្រមទាំងជូនកុមារម្នាក់ ២,០០០រៀល។

លោក  ហ៊ុន សេដ្ឋាត តំណាងឲ្យកម្មសិក្សា ការីវគ្គវិក្រឹត្យការមន្រ្តី មធ្យមឆ្នាំ២០១៦ បន្ទប់ព្រះវិហារ វេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា ទោះបីនេះជាអំណោយតិចតួចក្តី តែវាជាការចូលរួមចំណែក ដើម្បីដោះស្រាយបញ្ហា លំបាកបានមួយចំនួនតូច និង ដើម្បីលើកទឹកចិត្តប្អូនៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ សកម្មភាពសប្បុរសធម៌នេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាមន្រ្តីរាជការកម្មសិក្សាការី ដែលបានអញ្ជើញមកពីស្ថាប័ន និងអង្គភាពទូទាំងប្រទេសកម្ពុជា។

លោក សួន សុជាតិ ប្រធានអង្គការអនាគតថ្មីសម្រាប់កុមារ បានថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យ និងកម្មសិក្សាការីមន្រ្តីមធ្យម បន្ទប់ព្រះវិហារ វេនរសៀល នៃសាលាភូមិន្ទរដ្ឋបាលដែល បានចំណាយពេល និងថវិកាផ្ទាល់ខ្លួន ដើម្បីរៀបចំកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា និងកុមារក្រីក្រទាំងអស់ ដែលកំពុងស្នាក់នៅ និងសិក្សា នៅក្នុងមណ្ឌលអង្គការ អនាគតថ្មីសំរាប់កុមារ។

គួរបញ្ជាក់ថា អង្គការអនាគតថ្មីសម្រាប់កុមារ ជាអង្គការមិនមែនរដ្ឋាភិបាល អាព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនបម្រើឲ្យក្រុមណាមួយ និងមិនប្រកាន់ពូជសាសន៍។ អង្គការអនាគតថ្មីសម្រាប់កុមារ មិនចូលរួមក្នុងសកម្មភាពនយោបាយ និង មិនធ្វើជាឧបករណ៍គណបក្សនយោបាយណាមួយឡើយ។ អង្គការអនាគតថ្មីសម្រាប់កុមារ គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ ហើយសកម្មភាពរបស់អង្គការត្រូវបានអនុវត្តស្របតាមច្បាប់នៃកម្ពុជា។

អង្គការនេះបង្កើតឡើង ដើម្បីផ្តល់ការថែទាំដល់កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះ និងដើម្បីធានាឲ្យបានការអភិវឌ្ឍន៍របស់កុមារ តាមរយៈការទទួលបានសេវាសុខភាព និងសង្គមកិច្ច ប្រកបដោយគុណភាព ការអប់រំ ទីលំនៅ និង សកម្មភាពអភិវឌ្ឍន៍កុមារ៕