(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃទី ០៩ ខែកញ្ញានេះ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃគ្រឿងញៀន ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញ ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អនុគណៈកម្មការទី២) កាលពីថ្ងៃ០៧ ខែកញ្ញា ឆ្នាំ ២០១៦ លើការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ចំពោះរថយន្តដឹកអ្នកដំណើរ ដឹកទំនិញ និងការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមអ្នកបើកបរ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានសហការជាមួយ លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿញៀន និងប្រធានសមាគម ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ រៀបចំពិធីប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀនដល់ប្រធានសមាគម ដឹកជញ្ជូនអ្នកដំណើរ ដឹកជញ្ជូនទំនិញ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីពិភាក្សារកដំណោះស្រាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំពោះរថយន្តដឹកជញ្ជូន អ្នកដំណើរនិងទំនិញ។
ទាំងប្រធានសមាគមដឹកទំនិញ ដឹកអ្នកដំណើរ និងតំណាងក្រុមហ៊ុនទាំង២៥ បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំនេះ និងបានសំណូមពរឲ្យឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា រៀបចំកិច្ចប្រជុំទៀងទាត់ រៀងរាល់បីខែម្តង និងសំណូមពរឲ្យបង្កើត Group Whatsapp និង Telegram ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកបានឆាប់រហ័ស និងបង្កើត Facebook Page សម្រាប់ទទួលយក និងដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ពាក់ការអនុវត្តច្បាប់ចរាចរណ៍៕