Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលកងកំលាំងបញ្ជាការដ្ឋាន ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទើបត្រឡប់មកពីការពារបន្ទាត់ព្រំដែន កម្ពុជា-ថៃ

09-09-2016 12:35

(ភ្នំពេញ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦បានចុះជួបសំណេះសំណាល កងកំលាំងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានវិលត្រឡប់មកពីការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ និងមានការចូលរួមពីអភិបាលរង ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត។

លោក អ៊ុត សំអន បានថ្លែងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯភាពខេត្ត សូមសម្តែងនូវការដឹងគុណដល់ កងទ័ពបានតស៊ូពុះពាររាល់ឧបសគ្គ និងការលំបាករាប់ មិនអស់ព្រមទាំងឆ្លងកាត់គ្រោះថ្នាក់ លះបង់សាច់ស្រស់ឈាមស្រស់ទាំងអាយុជីវិតទម្រាំប្រទេសជាតិ បានសុខសាន្តនិងសន្តិភាព។ ប្រជាជនបានសុខសាន្តហើយបងប្អូន ពលទាហានយើងនៅតែមិនបានសម្រាកទាំងថ្ងៃទាំងយប់ ព្រោះត្រូវប្រឈមមុខជាមួយសត្រូវ ដែលវាចង់បានប្រាសាទព្រះវិហារប្រាសាទ តាមាន់ និងតាក្របីព្រមទាំង តំបន់ជាច្រើនឯទៀត តាមព្រំដែន កម្ពុជា-ថៃ ។ លោកបន្តថា សូមស្នើឲ្យកងកំលាំងទាំងអស់ ត្រូវគោរពវិន័យកងទ័ព។

ក្នុងពិធីនេះផងដែរ លោក ក៏បានថ្លែងអំណរអរគុណដល់ព្រះសង្ឃ មន្រ្តីរាជការប្រជាពលរដ្ឋ នៅក្នុងខេត្ត ដែលតែងតែជួយជាថវិការសម្ភារៈ និងកំលាំងចិត្ត ក្នុងការរួមចំណែកជួយពង្រឹងវិស័យការពារជាតិ ឲ្យកាន់តែរឹងមាំប្រសើរឡើងក្នុងការការពារមាតុភូមិ នៃយើងឲ្យបានស្ថិតស្ថេរគង់វង្ស និងការពារជាតិសាសនា ព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានពាំនាំនូវថវិកា ២,៨០០,០០០រៀល មី ៥៦ កេះ និងទឹកសុទ្ធ៥០កេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រត្តិបត្តការសឹករងកំពង់ធំ បានធ្វើរបាយការណ៏សង្ខេបដោយ នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៦ ការអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើបញ្ជាការដ្ឋានតំបន់ប្រត្តបត្តិការសឹករងកំពង់ធំ បានចាត់បញ្ជូនកំលាំងចំនួន២២០នាក់ ដើម្បីទៅឈរជើងនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ នៅចំនុះខ្ពស់ភ្នំទ្រព្យតាមសឹម និងចាក់ច្រែងដែលលាតសន្ធឹងតាមខ្សែបន្ទាត់ព្រំដែន ចម្ងាយ១២គីឡូម៉េត។

លោកបានបញ្ជាក់ថា ក្រោយពីការពិនិត្យឃើញថាកងកំលាំងយើង ដែលនៅទីនោះមានភូមិសាស្រ្ត លើសលុបថ្នាក់លើ បានសម្រេចកែសម្រូលកំម្លាំង របស់បញ្ជាការតំបន់ប្រត្តបត្តិការសឹក មកនៅ២ចំណុះវិញ គឺយើងទទួលខុសត្រូវតែចំណុះតាមសឹមនិង ចាក់ច្រែង៕