(ប៉េកាំង)៖ ប្រទេសចិន ដែលពិភពលោកដឹងថា ជាសម្ព័ន្ធមិត្តជិតស្និតបំផុត តែមួយគត់របស់កូរ៉េខាងជើងនោះ ឥឡូវនេះបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងចំពោះការធ្វើតេស្តបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ដោយរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលបានបង្កជាគ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ នៅចំថ្ងៃខួបទី៦៨ឆ្នាំ នៃការបង្កើតរដ្ឋកុម្មុយនិស្ត មួយនេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
ប្រទេសកូរ៉េខាងជើងនៅមុននេះបន្តិច បានប្រកាសជាសាធារណថា ខ្លួនពិតជាទទួលបាន ជោគជ័យក្នុងការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរប្រាកដមែន ដែលវាបានកើតឡើង ០៨ខែ បន្ទាប់ពីការធ្វើតេស្តលើកទី ០៤ កាលពីខែមករា ដើមឆ្នាំ២០១៦។
គួរបញ្ជាក់តាមសម្តី មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា កូរ៉េខាងជើង ពិតជាបានបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរប្រាកដមែន ដែលនាំឲ្យកើតមាន គ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ ខណៈក្រុមអ្នកជំនាញកំពុងធ្វើការ វិភាគពី ឥទ្ធិពល ឬ ភាពជោគជ័យនៃការបាញ់ សាកល្បងនេះ ហើយវាបានធ្វើឡើងចំថ្ងៃខួបលើកទី៦៨ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង៕
:*