(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារ ជាមួយលោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិមូលនិធិសាអូឌី សម្រាប់ការអភិវឌ្ឍ (Saudi Fund For Development- SFD) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ជំនួបនេះធ្វើឡើងឆ្លៀតក្នុងឱកាស លោកបណ្ឌិត អញ្ជើញចូលរួមសម័យប្រជុំលើកទី៤៦ របស់ឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម Muslim World League (MWL) នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
តាមការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឲ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែរឹងមាំ ជាពិសេសស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ និងជំរុញអំពីលក្ខខណ្ឌ លើកលែងផ្សេងៗរបស់ SFD ដល់កម្ពុជា ដើម្បីទទួលហិរញ្ញប្បទានពីមូលនិធិនេះ ក្នុងគម្រោងអភិវឌ្ឍន៍ លើវិស័យនានា ដែលជាតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្របតាមគោលការណ៍ច្បាប់ស្ដីពីហរិញ្ញវត្ថុ ។
ទន្ទឹមគ្នានោះដែរ លោកទេសរដ្ឋមន្រ្តី ក៏បង្ហាញពីអ្វីដែលមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច បានលើកឡើងទាក់ទងនឹង គោលការណ៍ច្បាប់ស្ដីពីហរិញ្ញវត្ថុនៅកម្ពុជា តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ផងដែរ។
ជាការឆ្លើយតប លោកនាយកប្រតិបត្តិ SFD បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកទេសរដ្ឋមន្រ្តី ដែលបានអញ្ជើញជួបសំណេះសំណាលពិភាក្សានៃលទ្ធភាពលើគម្រោងហិរញ្ញប្បទានខាងលើ ហើយលោកបានបញ្ជាក់ថា នឹងផ្សាភ្ជាប់ ទំនាក់ទំនងពិនិត្យលទ្ធភាព ក្នុងការបញ្ជូនព័ត៌មានដល់អ្នកបច្ចេកទេសទៅមក រវាងកម្ពុជា-SFD ដើម្បីសម្របសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងអាទិភាពនានាដល់កម្ពុជា តាមលទ្ធភាពដែលអាចធ្វើបាន។
កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក Sultan Abdulrahman Al-Marshad ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃការចូលរួមក្នុង «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ SDF បានបង្ហាញអំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងតែបានចូលរួមគាំទ្រដល់ការជំរុញឲ្យមានកំណើនប្រកបដោយចីរភាព នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេសនៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីឡា, សុខាភិបាល និងទូរគមនាគមន៍ជាដើម។
គួរបញ្ជាក់ថា មូលនិធិសាអូឌី សម្រាប់ការអភិវឌ្ឍ (SFD) ជាស្ថាប័នសាធារណៈ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានកញ្ចប់ថវិកាឯករាជ្យ ដែលមានដើមទុនសរុបប្រមាណ ៩ពាន់លានដុល្លារអាមេរិក និង ដៃគូផ្សេងៗទៀតនៅក្នុងតំបន់ឈូងសមុទ្រជាច្រើន។
មូលនិធិ SFD បង្កើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៤ និងបានចាប់ផ្តើមអនុវត្តសកម្មភាព នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៧៥ ដែលផ្តោតសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ទៅលើគម្រោងអភិវឌ្ឍន៍ វិស័យជាអាទិភាពនានាជាច្រើន នៅតាមបណ្តាប្រទេសចំនួន១០៣ នៅលើពិភពលោក៕