(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះថា ក្រោយពីមានការសម្របសម្រួលដោយ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលបានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន១កន្លែង នៅចំណុចផ្ទះសំណាក់ LSC (បន្ទប់លេខ ១២២) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក បញ្ចាក់ថា ជនសង្ស័យ ទី១-ឈ្មោះ ជា ងួនហាក់ អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ ទី២-ឈ្មោះ វ៉ាត សុផល អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ រិន ឌី អាយុ២៥ឆ្នាំ និងទី៤-ឈ្មោះ ដុក វិយ៉ាដា ភេទស្រី អាយុ១៧ឆ្នាំ។ លោកស្នងការ បន្តថាការបង្ក្រាបនេះ កម្លាំងជំនាញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនអាយ៥កញ្ចប់ ដាវសាម៉ូរ៉ៃ១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៤ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕