(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តមួយគ្រឿង ធ្លាក់ចេញពីថ្នល់ជាតិ ខណៈដែលរថយន្តនោះបាន គេចពីគោយន្តកន្ត្រៃ បណ្តាលឲ្យធ្លាក់មនុស្សជិះខាងក្រោយ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដមួយគ្រឿង ម៉ាកToyota Tacoma ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI -6578 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានវាក់ ជាមួយគោយន្តកន្ត្រៃ ពេលនោះអ្នកបើកបរទាញចង្កូតគេច ធ្លាក់ចូលប្រឡាយក្រឡាប់តែម្តង។ សមត្ថកិច្ចបញ្ជាក់ថា រថយន្ដនេះបើកបរ ដោយបរុសម្នាក់ឈ្មោះ សុក អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងក្រុងភ្នំពេញ ដោយក្នុងនោះបណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ជឿន អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឆ្លូង ខេត្តក្រចេះ ស្លាប់នៅនឹងកន្លែង ដោយឡែកមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រុមបរិបូណ៌ រីឯសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក៕