(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបក្រុមចោរឆក់ និងចែកចាយគ្រឿងញៀន៤នាក់ ក្នុង២ករណីផ្សេងគ្នា បន្ទាប់ពីយាមល្បាត ក្នុងមូលដ្ឋាននៅពេលរាត្រី។ ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងកាហ្វេយីហោ (ស្រីខួច) ផ្លូវលេខ៧០ និងនៅស្ថានីយ៍ប្រេង (TELA) ផ្លូវលេខ៩០៧ កែងផ្លូវ៩៩ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជំហានដំបូង ខណៈដែលជនរងគ្រោះកំពុងកាន់ Ipad លេង Facebook ក្នុងហាងកាហ្វេ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៣នាក់ ទៅឆក់ហើយបម្រុងរត់គេចខ្លួន។
ភ្លាមៗនោះ ក៏ត្រូវជនរងគ្រោះស្រែកថា ចោរៗ បណ្តាលឲ្យមានការផ្អើលឆោឡោ ដល់សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ ដែលកំពុងឈរជើងយាមល្បាតក្នុងភូមិសាស្ត្រ នៅពេលរាត្រីបានមកជួយអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ ខណៈបក្ខពួកម្នាក់ទៀតបានយក Ipad រត់គេចខ្លួនដោយសុវត្ថិភាព។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនចោរឆក់បាន២នាក់ កម្លាំងសមត្ថកិច្ចនៅតែសហការ បន្តសកម្មភាពយាមល្បាត និងកម្លាំងប្រជាការពាររហូតយប់ជ្រៅ ក៏ប្រទះឃើញ និងសង្ស័យទៅលើយុវជន២នាក់ នៅក្បែរស្ថានីយ៍ប្រេង(TELA) ដែលជិះម៉ូតូ១គ្រឿង ក៏ធ្វើការឃាត់ ដើម្បីត្រួតពិនិត្យបានរកឃើញក្រាមសថ្លាជាគ្រឿងញៀន២កញ្ចប់តូច ដែលជនសង្ស័យបានរក្សាទុកដើម្បីយកទៅប្រើប្រាស់។
ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ឆិល គីមលី ភេទប្រុស អាយុ១៧ឆ្នាំ (ឃាត់ខ្លួនបាន) និងទី២-ឈ្មោះ ចាន់ សុថា ភេទប្រុស អាយុ១៧ឆ្នាំ (ឃាត់ខ្លួនបាន) ទី៣-ឈ្មោះហៅ ត្រេន ភេទប្រុស អាយុប្រហែល២៦ឆ្នាំ (កំពុងគេចខ្លួន)។ រីឯជនរងគ្រោះឈ្មោះរស់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ បានបាត់ បាត់បង់ Ipad ១គ្រឿងពណ៌ស។
ដោយឡែកជនគ្រឿងញៀន មានឈ្មោះឃន ឈុនណា ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផូ ប៊ុនថេង ភេទប្រុស។ មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ និងគ្រឿងញៀនទាំង៤នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕