(ភ្នំពេញ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានសម្តែងនូវការសោកស្ដាយ ដែលជាច្រើនដង លោក សម រង្ស៉ី តែងតែធ្វើនយោបាយប្រឆាំងប្រយោជន៍ជាតិ សន្តិភាព និងការអភិវឌ្ឍ ជាពិសេសថ្មីៗនេះ អតីតមេបក្សប្រឆាំងរូបនេះ ហាក់បានចូលរួមជាមួយវៀតណាម រិះគន់ពីគម្រោងព្រែកជីកហ្វូណន ដែលបម្រើឱ្យផលប្រយោជន៍ជាតិ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់មានប្រវែង ១៨០គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។
បន្ទាប់ពីបានឃើញសាររបស់លោក សម រង្ស៉ី, លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានបញ្ជាក់ថា «ខ្ញុំមានការសោកស្ដាយ និងថ្កោលទោសចំពោះលោក សម រង្ស៉ី ដែលលោកបានដឹងច្បាស់ពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណននេះ ហើយលោកក៏ដឹងដែរថា វៀតណាមមិនចង់ឲ្យកម្ពុជាជីកព្រែកនេះចេញជារូបរាងឡើងមកនោះទេ»។
ទន្ទឹមនេះ លោកបានបន្តថា «គម្រោងព្រែកជីកហ្វូនណនមានសារសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូនជាដើម ដែលមួយរយៈនេះ វៀតណាមបានចេញមុខរិះគន់ដូចលោក សម រង្ស៉ី រហូតដល់ដៃជើងខ្លះរបស់រដ្ឋាភិបាលវៀតណាម ថាគម្រោងនេះធ្វើឡើងដើម្បីប្រយោជន៍យោធាទៅវិញ តាមពិតវៀតណាមខ្លាចបាត់បង់ប្រយោជន៍របស់ខ្លួនទៅវិញទេ ហើយមិនចង់ឃើញកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនទើបខិតខំប្រឆាំងគម្រោងជីកព្រែកហ្វូណននេះ»។
លោក មួង សូនី បានគូសបញ្ជាក់ថា លោក សម រង្ស៉ី ពិតជាអ្នកនយោបាយបោកប្រាស់ មិនគិតប្រយោជន៍ជាតិ ខ្លួនមិនស្មោះត្រង់ជាតិ និងសូមឱ្យលោក សម រង្ស៉ី បញ្ឈប់ទៅនូវនយោបាយក្បត់ជាតិ បោកប្រាស់ប្រជាជនបែបនេះ៕
សូមស្តាប់ការលើកឡើងរបស់ លោក មួង សូនី ដូចតទៅ៖
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។ លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕