(ស្ទឹងត្រែង)៖ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង និងលោកស្រី កង សាវ៉ន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីដែលជាប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក លោកគ្រូ -អ្នកគ្រូ សិស្ស/និស្សិត ក្រុមសិល្បៈមន្ទីរវប្បធម៌ខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ខេត្ត បានបញ្ជាក់ថា ឆ្នាំ២០២៤ ជាលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ ហើយរយៈពេល៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយ គឺយុវជន ដើម្បីវប្បធម៌ជាតិ ដើម្បីជំរុញដល់ការយល់ដឹងពីគ្រប់មជ្ឃដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់ នៃកិច្ចការអភិរក្ស ថែរក្សាសិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលជាការចាំបាច់នៃយុវជនបន្តវេន។

លោកស្រីបានបន្ថែមថា គោលបំណងអង្គពិធីនេះ គឺជាការរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃ សិល្បៈវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង សំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែល វប្បធម៌បង្កើនការយល់ដឹងអំពីតម្លៃ និងភាពសម្បូរបែបនៃ សិល្បៈវប្បធម៌ជាតិ ដល់គ្រប់មហាជនតាមរយៈការផ្សព្វផ្សាយបណ្តុះបណ្តាល និងព្រឹត្តិការណ៍សិល្បៈវប្បធម៌នានា ដែលផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជនឱ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមគោលដៅកម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌។

លោក ថោង ស្រាន់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ ប្រារព្ធទិវាវប្បធម៌ជាតិនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។

លោកអភិបាលរងខេត្ត បានបន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនានេះ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណីធ្វើ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។

អភិបាលរងខេត្តស្ទឹងត្រែង បានបន្ថែមថា៖ «ការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈវប្បធម៌ ជាកត្តាមិនអាចខ្វះបាន ដើម្បីសេដ្ឋ កិច្ចសង្គម និងការទប់ស្កាត់ការឆ្លងរាលដាលពីវប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈ ដើមនៃវប្បធម៌យើង។ ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែ ដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវការយល់ដឹងឱ្យបានល្អអំពី សិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង»។

លោកបានបន្តថា ក្នុងន័យនេះការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់នូវវប្បធម៌ ទាំងរូបី និងអរូបី របស់ប្រជាជាតិ៕