(ភ្នំពេញ)៖ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែស្តីពី «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨»។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមសមាជិកចូលរួមថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ជាប្រភេទប្រជុំផ្ទាល់ និងពីចំងាយ។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា «កន្លងមកយើងបានរៀបចំដោយមានការសហការពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងកម្រិតថ្នាក់នយោបាយ និងបច្ចេកទេស ហើយគ្រោង រៀបចំវេទិកាជាមួយដៃគូ ក្នុងចក្ខុវិស័យធានាថាកម្ពុជា ជាប្រទេសមួយគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ព្រមទាំងធានាថាប្រជាជនកម្ពុជា មានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍ ជាមួយនឹងគោលបំណងចំនួន៣គោលដៅ ចំនួន៧ វិធានការចំនួន៥៣ យកប្រជាជនជាស្នួលទប់ស្កាត់ការឆ្លងថ្មី ក្រោម១ ករណីក្នុងមួយថ្ងៃ ឬជាង២០០នាក់ ក្នុងមួយឆ្នាំ ស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ ក្នុងមួយឆ្នាំ បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ជាមួយគ្នានេះលោកបណ្ឌិត ឈឹម ឃិនដារ៉េត បានជំរុញឱ្យគ្រប់តំណាងក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ លើកគម្រោងថវិកាសម្រាប់គាំទ្រគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
សូមបញ្ជាក់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍ តាមរយៈការពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ កម្មវិធីថែទាំព្យាបាល គាំពារសង្គម បញ្ចប់ការរេីសអេីងនិងមាក់ងាយ ចលនា ធនធាន ពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធតាមដាន និងវាយតម្លៃជាដើម៕