Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិតប្រាកដហើយ! កូរ៉េខាងជើងបានបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរ ដែលខ្លាំងក្លាបំផុតមិនធ្លាប់មាន បង្កឲ្យមានគ្រោះរញ្ជួយដី ៥,៣រ៉ិចទ័រ ជាការអបអរខួបទី ៦៨ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង

09-09-2016 11:35

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះថា កូរ៉េខាងជើង ពិតជាបានបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរប្រាកដមែន ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ ខណៈក្រុមអ្នកជំនាញ កំពុងធ្វើការ វិភាគពី ឥទ្ធិពល ឬ ភាពជោគជ័យនៃការបាញ់ សាកល្បងនេះ ហើយវាបានធ្វើឡើងចំ ថ្ងៃខួបលើកទី ៦៨ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមចុះផ្សាយ របស់សារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

បន្ទាប់ពីបានដឹងច្បាស់ពីការធ្វើតេស្តនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានចេញ សេចក្តីថ្លែងការណ៍នៅមុននេះបន្តិចថា «កូរ៉េខាងជើងកំពុងតែបំផ្លាញខ្លួនឯង ហើយជាការធ្វេស ប្រហែស និងជាកំហុសនៃការដឹកនាំ របស់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន»

មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា កម្លាំងរំញ័របានកើនឡើងដល់ កម្រិត ៥,៣ ឬសមាមាត្រនឹងគ្រាប់ បែកមានទម្ងន់១០គីឡូតោន ដែលនេះ គឺជាការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរ មួយដ៏ខ្លាំងក្លាបំផុត បើធៀបទៅនឹង ការបំផ្ទុះសាកល្បងកាលពីពេលមុនៗ រាប់ចាប់តំាងពី ឆ្នាំ២០០៦ រួមទំាង ការបំផ្ទុះសាកល្បងលើកចុងក្រោយកាល ពីខែមករា កន្លងទៅនេះ ដែលបានបង្កជាគ្រោះរញ្ជួយ មានកម្លាំងត្រឹមតែ ៤,៨ រ៉ិចទ័រតែប៉ុណ្ណោះ។

សូមជំរាបថា កូរ៉េខាងជើងធ្លាប់បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែ បួនលើករួចមកហើយ រាប់ចាប់ពីឆ្នាំ ២០០៦, ២០០៩, ២០១៣, និង កាលពីខែ មករា ឆ្នាំ ២០១៦ កន្លងទៅ ហើយលើកនេះ ជាលើកទី០៥ ដែលមានឥទ្ធិពលកាន់តែសាហាវ។ នៅព្រឹកថ្ងៃសុក្រនេះដែរ គឺជាថ្ងៃរំលឹកខួបលើកទី៦៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង។ ការបំផ្ទុះនេះ បានកើតឡើង តែ ០៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង បីគ្រាប់ អំឡុងថ្ងៃបញ្ចប់នៃកិច្ចប្រជុំ កំពូល G20 នៅចិន ដែលបានទីក្រុងព្យុងយ៉ាង បានទទួលរងការថ្កោលទោស កម្រិតធ្ងន់ផងដែរ៕