(ភ្នំពេញ)៖ លោក ចឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានចេញដីកាមួយបង្គាប់ដល់សមត្ថកិច្ចឱ្យឈប់ចាប់ខ្លួន លោក គង់ សភា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីថ្នាក់ដឹកនាំក្រុមប្រឆាំងនេះ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី។

ដីការបស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ដូច្នេះថា៖
«កងកម្លាំងសាធារណៈគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៧២ “ត” ដ.ច.ន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លើទណ្ឌិត ឈ្មោះ គង់ សភា ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ជនជាតិខ្មែរ ចាប់ពីពេលនេះតទៅ»។

លោក គង់ សភា កូនប្រុសរបស់ លោក គង់ គាំ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយស្នើដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

មុននឹងមានការស្នើលើកលែងទោសនេះ លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយទទួលស្គាល់កំហុស ហើយបានស្នើ សម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕