(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះសាររបស់លោក សម រង្ស៉ី ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។ លោកបានចាត់ទុកសារប្រឆាំងនឹងគម្រោងព្រែកជីកនេះ គឺជារឿងដ៏ល្ងិតល្ងង់បំផុត។
គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍មហាសាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សាស្រាវជ្រាវរបស់វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាបពណ៌ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យបាត់បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។
ស្រាប់តែនៅព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ គេក៏បានឃើញលោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពីសំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវរបស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់ចិន។
បន្ទាប់ពីឃើញសាររបស់លោក សម រង្ស៉ី, លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។ លោកបានចាត់ទុកសាររបស់លោក សម រង្ស៉ី គឺជារឿងដ៏ល្ងិតល្ងង់ ហើយក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។
«ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ»។ លោក គិន ភា បានគូសបញ្ជាក់។
បញ្ញវន្តខ្មែររូបនេះបន្តថា «បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង»។
លោកបណ្ឌិត គិន ភា បានរំលឹកថា បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយនូវយុទ្ធសាស្ត្រខ្ចីដែកកេះមកដុតកម្ពុជា ហើយកម្ពុជាក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាល។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ។
ក្រៅតែពីប្រតិកម្មនឹងសាររបស់ទណ្ឌិត សម រង្ស៉ី ហើយនោះ លោក គិន ភា បានលើកឡើងថា រាជរដ្ឋាភិបាលត្រូវតែជម្នះសាងសង់ព្រែកជីកហ្វូណន-តេជោ នេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ លោក គិន ភា បានគូសរំលេចបែបនេះ «ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។
លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕