(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្ដល់កិត្តិយសអញ្ជើញចូលរួម សម្ពោធបើកព្រឹត្តិការណ៍ប្រគំតន្រ្តី «សប្បុរសធម៌កំលាំងទឹកចិត្ត សិល្បករខ្មែរជួយខ្មែរ» ដែលជាការដឹកនាំពាំយួរ ចាត់ចែងរៀបចំដោយលោក ទិត្យ វិច្ឆិកា និងមានការជួយជ្រោមជ្រែង ពីសំណាក់ដៃគូសហការជាច្រើនទៀត នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅក្នុងបុរីញូវថោន (តំបន់អូដឹម) ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយក្នុងនោះលោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយដល់កម្មវិធីផងដែរ។
កម្មវិធីតន្រ្តី«សប្បុរសធម៌កំលាំង ទឹកចិត្តសិល្បករខ្មែរជួយខ្មែរ» ដែលមានលោក ទិត្យ វិច្ឆិកា ជាអ្នករៀបចំ និងមានរយៈពេល៣ថ្ងៃនេះ ត្រូវបានគេដឹងថា ក្នុងគោលបំណង ដើម្បីស្វែងរកថវិកា កសាងសាលា និងស្ពានជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង ដែលកំពុងតែជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង ជាពិសេស គឺអគារសាលាសម្រាប់សិស្សសិក្សា។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរ ដល់លោក ទិត្យ វិច្ឆិកា ដែលបានផ្ដួចផ្ដើមគំនិតរៀបចំ កម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ ក៏ដូចជាសិល្បករ-សិល្បការិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាចូលរួម ដោយមិនគិតពីការនឿយហត់ ដើម្បីសកម្មភាពមនុស្សធម៌ជួយដល់សង្គម របស់យើងទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្ត លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៥០០ដុល្លារ ដល់លោក ទិត្យ វិច្ឆិកា ដើម្បីយកទៅជួយកសាងសាលា និងឧបត្ថម្ភដល់សិល្បករ-សិល្បការិនីក្នុងកម្មវិធីទាំងមូល ចំនួន៤០០ដុល្លារបន្ថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានចែកជូនដល់សិល្បករ-សិល្បការិនី នូវបណ្ណសរសើរ ម្នាក់មួយៗផងដែរ។
តារាចម្រៀង ទិត្យ វិច្ឆិកា បានថ្លែងបញ្ជាក់ថា បន្ទាប់ពីទទួលបានការសហការគាំទ្រ ពីសំណាក់ក្រុមហ៊ុន RGB និងការជួយឧបត្ថម្ភលើកទឹកចិត្ត នៃក្រុមហ៊ុនជាច្រើនរួចមក បានជំរុញឲ្យលោកសម្រេចចិត្តរៀបចំកម្មវិធី ប្រគំតន្រ្តីសប្បុរសធម៌នេះឡើង ដើម្បីប្រមូលថវិកា កសាងសាលាមួយខ្នង (៣បន្ទប់) និងស្ពានឈើមួយខ្សែ (ប្រវែង៣០ម៉ែត្រ) នៅក្នុងភូមិជាំស្លា ឃុំជីហាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រោងនឹងចំណាយថវិកាអស់ប្រមាណ ជាង៣ម៉ឺនដុល្លារអាមេរិក។
លោក ទិត្យ វិច្ឆិកា បានបន្តថា កម្មវិធី «តន្រ្តីសប្បុរសធម៌កំលាំងសិល្បករខ្មែរជួយខ្មែរ» គឺក្នុងគោលបំណងជួយដល់សង្គម ជាសកម្មភាពសប្បុរសធម៌សុទ្ធសាធ ហើយចំពោះមូលហេតុ ដែលលោកសម្រេចចិត្ត ជួយដល់តំបន់នោះ ព្រោះតែបងប្អូនប្រជាពលរដ្ឋនៅទីនោះ មានការខ្វះខាតយ៉ាងខ្លាំង ទាំងផ្លូវ និងសាលា មានជីវភាពក្រខ្សត់ ធ្វើឲ្យលោកអាណិតដល់ក្មេងៗសិស្សានុសិស្ស ដែលគ្មានផ្លូវទៅសាលា គ្មានសាលាដើម្បីសិក្សា ទើបជំរុញទឹកចិត្តលោកឲ្យរៀបចំកម្មវិធីនេះឡើង។
តារាចម្រៀង ទិត្យ វិច្ឆិកា ក៏បានកោតសរសើរ ដល់តារាចម្រៀងប្រុសស្រីល្បីៗ ទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត និងពេល វេលាចូលរួមដោយមិនគិតពីភាពនឿយហត់ ទោះបីជាមានភារកិច្ចរវល់យ៉ាងណាក្ដី ប៉ុន្តែនៅតែផ្ដល់ការគាំទ្រ និងមិនគិតពីផលប្រយោជន៍ ដើម្បីការងារសង្គម និងមនុស្សធម៌ខ្មែរជួយខ្មែរទាំងអស់គ្នា។ លោកបញ្ជាក់ថា ពេលកសាងសាលានេះរួច លោកនឹងឆ្លាក់ឈ្មោះសប្បុរសជនទាំងអស់ក្នុងផ្ទាំងថ្មមួយ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយយកគំរូតាម ចំពោះសកម្មភាពមនុស្សធម៌ជួយសង្គមមួយនេះ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណ ដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ, លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងដៃគូសហការទាំងអស់ ដែលបានជួយជំរុញ ផ្ដល់ឱកាស លើកទឹកចិត្ត ផ្ដល់ទីតាំង និងសិល្បករ-សិល្បការិនីទាំងអស់ ដែលបាន ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ដោយបានលះបង់កម្លាំងកាយចិត្ត ជួយរូបលោកក្នុងការរៀបចំកម្មវិធីប្រគំតន្រ្តីនេះ។
សូមបញ្ជាក់ថា តារាចម្រៀងល្បីៗ ចូលរួមក្នុងសកម្មភាមនុស្សធម៌ មានឈ្មោះថា «តន្រ្តីសប្បុរសធម៌កំលាំង សិល្បករខ្មែរជួយខ្មែរ» រួមមាន អ្នកនាង មាស សុខសោភា,លោក ខាន់ ជេមស៍, លោក វង្ស តារារតនា, កញ្ញា ថន នីដា, លោក នៅ ស៊ីនឿន, លោក ហេង ពិទូ,កញ្ញា លាង សុផាឡែន, ក្រុមកំប្លែង នាយពែកមី ព្រមទាំងតារាចម្រៀងល្បីៗ ជាច្រើនដួងទៀត។ ក្នុងនោះទីតាំងប្រគំតន្រ្តី គឺស្ថិតនៅក្នុង បុរីញូវថោន (អូរដឹម) ខណ្ឌពោធិសែនជ័យ៕