(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងមរណភាព របស់លោកបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជាភ្លាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី និងយុវជន-អ្នកស្ម័គ្រចិត្ត នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពដ៏សែនក្រៀមក្រំនេះ។
មរណភាពរបស់លោកបណ្ឌិត មិន ឃិន នៅពេលនេះ គឺជាការបាត់បង់ឥស្សរជនខ្មែរដ៏ឧត្ដុង្គឧត្ដមមួយរូប ដែលកន្លងមករូប លោកបាន ចំណាយពេលវេលា និងបូជាសាច់ស្រស់ឈាមស្រស់យកអស់ពីកម្លាំងកាយចិត្តដោយមិនខ្លាចការលំបាក ការនឿយហត់ក្នុងការចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេស ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ នេះគឺជាស្នាដៃ និងជាគុណបំណាច់ដ៏ធំធេងបំផុត ដែលយើង គ្រប់ៗគ្នាមិនអាចបំភ្លេចបាននូវគំរូវីរភាពដ៏ឧត្ដុង្គឧត្ដមនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ស្ថិតក្នុងវេលា នៃការកាន់ទុក្ខដ៏សែន សោកសង្រេង និងក្ដីខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមសហការី យុវជន-អ្នកស្ម័គ្រចិត្ត នៃកាកបាទ ក្រហមកម្ពុជា ទាំងអស់ ខ្ញុំសូមសម្ដែងនូវសមានទុក្ខដ៏សែន ក្ដុកក្ដួល សោកស្ដាយ និងអាឡោះអាល័យក្រៃងលែងជាទីបំផុត ជាមួយនឹង ក្ដីសង្វេគរកទីបំផុតគ្មាន និងសូមចូលរួមរំលែកទុក្ខដ៏សែន ក្រៀមក្រំនេះជាមួយលោកជំទាវ ងួន ធួន និងក្រុមគ្រួសារទាំងអស់នៃសព ដែលបានបាត់បង់ ស្វាមី លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ស្មើនឹងជីវិតរបស់ខ្លួន។
ជាចុងក្រោយនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកនេះ សូមជួយ្យឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម មិន ឃិន បានទៅកាន់ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។ សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបាន ក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង លេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង១៖៥៩នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ៕