(ស្វាយរៀង)៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជាលើកទី២ ចាប់ពីថ្ងៃទី១៧ ខែមេសា ២៤ ខែមេសា ឆ្នាំ២០២៤។

អមដំណើរក្រុមការងារមានលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តតំណាង វេជ្ជបណ្ឌិត គុជ ស៊ី ថា ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិនីមួយៗ និងលោក លោកស្រី អភិបាលរងស្រុក រដ្ឋបាល នីមួយៗ។

ក្នុងឱកាស បំពេញបេសកកម្មនេះ បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្ត ស្វាយរៀង ដែលបានលះបង់ខ្ពស់ក្នុងការងារបំរេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កេីនការយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយសមធម៌ និង បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

នៅថ្ងៃចុងក្រោយនៃបេសកកម្ម ក្រុមការងារបានធ្វើរបាយការណ៍ត្រឡប់អំពីការងារបានពិនិត្យឃើញ របស់មន្ទីរពេទ្យបង្អែកស្រុកទាំង៥ ដែលមានសមាសភាពចូលរួម ៖ លោក លោកស្រី នាយក រងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសុខាភិបាល ខេត្ត ប្រធាន អនុប្រធាន ការិយាល័យទាំង៤ប្រធាន អនុប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង៥។

បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និង រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគឹតគូពីសុខភាព និង ជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧ នេះកំពុងអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺ ការអភិវឌ្ឍធនធានមនុស្សហើយ មុំទី៣ នៃយុទ្ធសាស្ត្រផ្តោតទៅលើការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។

អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារ ចុះពង្រឹងគុណភាព សេវា សុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព ។

បណ្ឌិតបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែកស្រុកក្នុងមួយ ឆ្នាំចុះ២ដងនេះ ជាលើកទី២ហើយ ដែលបានចុះមកខេត្តស្វាយរៀង។ បណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើនច្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី ១ កាលពីឆមាស ទី២ ឆ្នាំ២០២៣ ៕