(ស៊ីរី)៖ មេបញ្ជាការជួរមុខមួយរូបរបស់ ពួកសកម្មប្រយុទ្ធដែលប្រឆាំង នឹងរដ្ឋាភិបាលជាង ៥ឆ្នាំមកនេះ បានស្លាប់ហើយ ដោយសារតែ ការវាយប្រហារ ដោយកងទ័ពរដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ នៅជាយខេត្តអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
មេបញ្ជាការជាន់ខ្ពស់ Abu Omar Sarakeb ត្រូវបានបណ្តាញផ្សព្វផ្សាយរបស់ក្រុមឧទ្ទាម ដែលកាលពី ដើមឡើយធ្លាប់មានឈ្មោះថា al-Nusra នោះ ចេញផ្សាយថាលោកបានស្លាប់បាត់ទៅហើយ ដោយសារតែការវាយប្រហារតាមផ្លូវអាកាស របស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅខេត្តអាឡេប៉ូ។ សម្រាប់ក្រុម Al-Nusra បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅ ជា Jabhat Fateh al-Sham កាលពីខែកក្កដា បន្ទាប់ពីបាន ផ្តាច់សម្ព័ន្ធភាពជាមួយនឹងក្រុម អាល់កៃដា។
គួរបញ្ជាក់ថា កងទ័ពសម្ព័ន្ធមិត្តអាមេរិក, កងទ័ពរដ្ឋាភិបាលស៊ីរី, និង កងទ័ពអាកាសរុស្ស៊ី បានធ្វើការ វាយប្រហារសង្គ្រប់លើខេត្តអាឡេប៉ូ ជាយូរណាស់មកហើយ ក្នុងគោលបំណងជីកឬសគល់ក្រុមឧទ្ទាម ខាងលើនេះចេញពីប្រទេសស៊ីរី ដោយសារតែអតីត al-Nusra បានទៅ ចូលដៃចូលជើងជាមួយនឹងពួក អាល់កៃដា ដែលពិភពលោកដឹងនិងស្គាល់ថាជាពួកភេរវករ ដែលចងសម្ព័ន្ធភាពយ៉ាងស្អិតល្មួតជាមួយ ក្រុមរដ្ឋអ៊ីស្លាម ISIS។
តាមការបញ្ជាក់ពី Reuters លោក Abu Omar Sarakeb បានស្លាប់នៅក្នុងការវាយប្រហារដោយ យន្តហោះទម្លាក់គ្រាប់បែកលើភូមិ Kafr Naha ភាគខាងលិចខេត្តអាឡេប៉ូ ប៉ុន្តែគេនៅមិនទាន់ប្រាកដថា វាជាស្នាដៃរបស់កងទ័ពស៊ីរី មែនឬក៏អត់នោះទេ៕