(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារសព លោកបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីយប់មិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង នៅក្នុងសារលិខិតនោះថា លោក មិន ឃិន គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់ គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមចំណែក ជួយកសាងសមិទ្ធផលសង្គមនានា ជួយលើកស្ទួយដល់ជីវភាព ប្រជាជននៅតាមមូលដ្ឋាន និងបានបន្សល់ទុកនូវស្នាដៃ ជាច្រើនសម្រាប់កូនៗ ជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង លេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបាន ទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។