(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែលម្អ និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលាកន្លងមកបានទទួល ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣នៅទូទាំងប្រទេស។

ការចុះពិនិត្យនេះ លោកស្រី បាន ស្រីមុំ បានជំរុញ និងណែនាំបន្ថែមដល់គណ:គ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែមានកិច្ចសហការល្អ ដើម្បីធ្វើឲ្យសាលារៀនក្លាយជាថ្នាលអប់រំដ៏មានប្រសិទ្ធភាពគុណភាព កន្លែងផ្តល់ចំណេះដឹង ដល់សិស្សានុសិស្សប្រកបដោយគុណភាពពិតប្រាកដ។

លោកស្រីអភិបាលខេត្ត បានផ្តល់អនុសាសន៍លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលំអបរិស្ថាន បង្កើនសោភ័ណភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕