(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែលំអសួនច្បារភិរម្យភាសាអ៊ូហៅ «ង៉ុយ» សម្រេចបាន៩០ភាគរយហើយ។
ការងារដែលសម្រេចបានរួមមាន ការក្រាលក្រានីត៩៥ភាគរយ សួនច្បារ៨៥ភាគរយ ចំណតរថយន្ត៣៥ភាគរយ និងបង្គន់អនាម័យ ១០ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាលពីពេលកន្លងមក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការកែលម្អសួនច្បារមួយចំនួន ក្នុងរាជធានីភ្នំពេញ គឺដើម្បីលើកកម្ពស់ សោភណ្ឌភាព រាជធានីភ្នំពេញផង និងសម្រាប់ជាកន្លែងកម្សាន្តលំហែ របស់បងប្អូនប្រជាពលរដ្ឋផង។
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពីការកែលម្អ សួនច្បារមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាសួនច្បារចេនឡា សួនច្បារក្រមង៉ុយ សួនច្បារពោធិ៍ចិនតុង សួនច្បារមុខវត្តបទុមវតី និងសួនច្បារវត្តភ្នំជាដើម៕