(មណ្ឌលគិរី)៖ ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃ ឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។ ជាក់ស្តែងថ្មីៗនេះ ហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាសញ្ញាបញ្ជាក់ថា សត្វដំរីព្រៃរស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។

មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

នាយកដែនជម្រសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឱ្យដឹងថា៖ «មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីមួយនេះ មានសុខភាពប្រសើរវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ»

បើតាមលោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា បានឱ្យដឹងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំមេភូមិ មេឃុំ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់ដំរីឈឺ ត្រង់ចំណុចអូរប៉ាម បង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ។

ជាមួយនឹងការបង្ហាញវត្តមានសត្វដំរីព្រៃអាស៉ីកាន់តែច្រើនឡើងនេះ ត្រូវបានលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ បានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតី ជាពិសេសនៅខេត្តមណ្ឌលគីរី ដែលមានប្រប័ន្ធការពារធម្មជាតិ ដូចជាដែនជម្រកសត្វព្រៃ ស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសេម៉ា ជាដើម។

លោកបានឱ្យដឹងថា យោងតាមការសិក្សាវិភាគ DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

ជាមួយគ្នានេះដែរ លោក ខ្វៃ អាទិត្យា បានបន្តថា ក្រសួងបរិស្ថានបានបង្កើតផែនការសកម្មភាពអភិរក្សដំរីព្រៃ ២០២០-២០២៩ នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះពិសេសការបន្តសិក្សាស្រាវជ្រាវនិងតាមដានវត្តមាន និងរបាយរបស់វាតាមរយៈម៉ាស៊ីថតស្វ័យប្រវត្តិ និងការវិភាគ DNA លាមកជាដើម។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា «កន្លងមកនេះ ចំនួនដំរីអាស៊ីនេះហាក់ដូចជាមានចំនួនកើនឡើងដោយសារតែពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង ២០ក្បាល ហើយក្នុងមួយហ្វូងក៏ឃើញមានវត្តមាន កូនដំរីដែលទើបនឹងកើត និងមានវ័យជំទុង មានចំនួនច្រើននៅក្នុងហ្វូងរបស់វា»

លោកបានបន្ថែមថា ដើម្បីធានាថាដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួនរបស់វានៅក្នុងធម្មជាតិឡើងវិញបន្ថែមទៀត សម្រាប់បន្សល់ទុកជាកេរមរកតដល់មនុស្សជំនាន់ក្រោយ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសង្កត់ធ្ងន់លើមុំយុទ្ធសាស្រ្តអាទិភាព៣ គឺស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងបង្កើនការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន និងដាំស្តារព្រៃរេចរឹល បង្កើនភាពបៃតង និងឈានទៅសម្រេចគម្របព្រៃ កើនឡើងឱ្យបាន ៦០% នៃផ្ទៃប្រទេសត្រឹមឆ្នាំ២០៥០៕