(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថ គាំទ្រដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកិច្ចសន្ទនាមួយស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។
កិច្ចសន្ទនានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅវត្តនិគ្រោធវ័នគល់ទទឹង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កិច្ចសន្ទនានេះ ទទួលបានការនិមន្ត និងអញ្ជើញចូលរួមជាវាគ្មិន ដោយព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
កិច្ចសន្ទនានេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
១៖ យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ
២៖ យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា
៣៖ លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់
៤៖ លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕