(ភ្នំពេញ)៖ គ្រាដែលសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាថ្ងៃទី០៩ ខែកញ្ញានៅថ្ងៃនេះ និងត្រៀមប្រកាសសាលក្រម នៅវេលាម៉ោង ២រសៀលថ្ងៃនេះ បាននាំឲ្យមានសាធារណមតិជាច្រើន កំពុងមានមន្ទិលសង្ស័យថា តើបន្ទាប់ពីបានជំនុំជម្រះហើយ នឹងមានការចាប់ខ្លួន លោក កឹម សុខា ដែរឬយ៉ាងណា?
ដើម្បីស្រាយនូវចម្ងល់ទាំងអស់នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកពន្យល់យ៉ាងលំអិត នៅក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។ បើតាមលោក គឹម សន្តិភាព នឹងគ្មានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ បើទោះបីសាលក្រមនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្រេចផ្តន្ទាទោសរូបលោក ក៏ដោយនោះ។
Fresh News៖ ជម្រាបសួរលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌! ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការលើកឡើងខុសៗគ្នា ស្តីពីសវនាការជំនុំជម្រះក្តីរបស់តុលាការនាថ្ងៃទី៩ ខែកញ្ញានេះ និងត្រៀមប្រកាសសាលក្រមនៅម៉ោង២រសៀលថ្ងៃនេះ ទាក់ទងនឹងសំណុំរឿងក្តីលោក កឹម សុខា ដោយមតិខ្លះយល់ថា នឹងមានការចាប់ខ្លួនលោក កឹម សុខា រីឯអ្នកខ្លះយល់ថា នឹងមិនមានការចាប់ខ្លួននោះទេ! ហេតុនេះសូមលោកជួយបញ្ជាក់ថា មានអំណាចផ្លូវច្បាប់ណាមួយអាចចាប់ខ្លួនលោក កឹម សុខា បានដែរឬទេនៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ?
លោក គឹម សន្តិភាព៖ ជាដំបូងខ្ញុំសូមបញ្ជាក់ថា តាមអ្វីដែលយើងបានដឹងនោះ នៅពេលនេះ ឯកឧត្តម កឹម សុខា ស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នងបទចោទ «បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល»។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោស លើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ។ ចឹងករណីនេះជនជាប់ចោទ អាចត្រូវបានតុលាការសម្រេចផ្តន្ទាទោស ក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ ។
បើតុលាការសម្រេចផ្តន្ទាទោស រយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញនូវសេចក្តី សម្រេចពិសេសណាមួយ ទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទ ក្នុងពេលសវនាការនោះក៏ដោយ។
ប្រសិនបើតុលាការ ចេញប្រកាសសាលក្រម នៅរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សម្រេចអំពីការផ្តន្ទាទោសលើ ជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាម បាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាម សាលក្រមស្ថាពរនេះ ។
Fresh News៖ ប្រសិនបើមានការប្រកាស សាលក្រមនៅរសៀលម៉ោង ២៖០០នាទី ថ្ងៃទី៩ កញ្ញានេះ តើសាលក្រមនេះ នឹងចូលជាស្ថាពរពេលណាលោក?
លោក គឹម សន្តិភាព៖ យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីមានវត្តមានជនជាប់ចោទ ក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីថ្ងៃប្រកាសសាលក្រម។
ក្នុងករណីពុំមានវត្តមាន ជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការ ជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម៕