(ភ្នំពេញ)៖ មិនត្រឹមតែក្នុងក្របខណ្ឌរដ្ឋ និងរដ្ឋនោះទេ ក្នុងនាមជាបក្សនយោបាយកំពុងដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏បានប្រកាសយ៉ាងម៉ឺងមាត់ជាមួយគ្នា បន្តពង្រឹងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែរឹងមាំ ដើម្បីនាំប្រយោជន៍ជូនប្រទេស និងប្រជាជនកម្ពុជា-ឡាវ។
ការប្រកាសពង្រឹងមិត្តភាព និងសាមគ្គីភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្ន ដើម្បីបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
បន្ថែមពីលើនោះភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការបក្ស និងថ្នាក់ដឹកនាំឡាវទាំងអស់ ដែលបានផ្ញើសារអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា និងអបអរសាទរដល់សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាននៅឆ្នាំ២០២៤ របស់ភាគីមិត្តឡាវ និងបានអញ្ជើញភាគីឡាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវចូលរួមនៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ (ACC) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ នេះផងដែរ។
សម្តេចតេជោ និងលោក ថងលុន ស៊ីសុលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១៣ រវាងគណបក្សទាំងពីរនៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានរួមចំណែក យ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និង ការជួយគាំទ្រគ្នាទៅវិញទៅមករវាងគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរបានឯកភាពជួបប្រជុំកំពូលលើកទី១៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឆ្នាំ២០២៥។
មិនត្រឹមក្នុងក្របខណ្ឌបក្សនយោបាយដឹកនាំប្រទេសប៉ុណ្ណោះទេ ក្នុងក្របខណ្ឌរដ្ឋ និងរដ្ឋ កម្ពុជា និងឡាវ ក៏បានប្រកាសបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។ រក្សាចំណងមិត្តភាព និងសាមគ្គីឱ្យកាន់តែរឹងមាំក្នុងនាមជាប្រទេសមានរបងជាប់គ្នា។
ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានអះអាងថា ទោះបីបញ្ហាពិភពលោក និងតំបន់មានការវិវឌ្ឍន៍ប្រែប្រួលយ៉ាងណាក៏ដោយចុះ ក៏ឡាវនៅតែបន្តប្រឹងប្រែងរក្សាទំនាក់ទំនង រក្សាចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែរឹងមាំជាមួយកម្ពុជា។
អ្នកតាមដានបញ្ហាតំបន់ និងពិភពលោក បានលើកឡើងថា ក្នុងគ្រាដែលពិភពលោកមានការប្រកួតប្រជែងភូមិសាស្ត្រកាន់តែស្រួចស្រាវ ការរក្សាបានមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រទេសមានព្រំដែនជាប់គ្នា គឺជារឿងមួយដ៏សំខាន់ ដើម្បីធានាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។ ជាពិសេសបញ្ចៀសវិបត្តិនៃភ្លើងសង្គ្រាម៕