(ភ្នំពេញ)៖ គណៈកម្មការបច្ចេកទេសត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយធ្វើការពិភាក្សា ប្រាក់ឈ្នួលអប្បរមា នៅកម្ពុជា ឆ្នាំ២០១៧ សម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ព្រមទាំងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រាក់ឈ្នួល នាទីស្ដី ការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក សោម អូន ប្រធានសភាសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានឱ្យដឹងថា ការបើកពិភាក្សានេះធ្វើឡើង ក្រោមការស្របសម្រួលពី លោក ហេង សួរ អ្នកនាំពាក្យក្រួងការងារ ដែលមានការចូលរួម ពីភាគីរាជរដ្ឋាភិបាលចំនួន ១៦រូប, ភាគីនិយោជកចំនួន១៦រូប, ភាគីសហជីពកម្មករចំនួន១៦រូប។
លោកបន្តថា របៀបវារៈក្នុងកិច្ចពិភាក្សា មិនមានអ្វីធំដុំជាងបញ្ហាប្រាក់ឈ្នួលនោះទេ ហើយការចរចានេះ ក៏ធ្វើទៅតាមកាលវិភាគ ដែលបានដាក់ជូន ដោយក្រសួងការងារ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០១៦ខាងមុខ។ ដោយឡែកការពិភាក្សាប្រាក់ឈ្នួល ក្នុងខែកញ្ញានេះ ប្រហែលជាធ្វើឡើង២ទៅ៣ដងទៀត មុននឹងឈានទៅសម្រេច។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ ក្រុមសហជីពតំណាងកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុងធំមួយ ដោយឯកភាពសម្រេចយកតួលេខ «១៧៩.៦ដុល្លារ» សម្រាប់ដាក់បញ្ចូលក្នុងការចរចាជាមួយភាគីនិយោជិត។ ដោយឡែក សមាគមន៍រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (GMAC) តំណាងឱ្យភាគីនិយោជក បានអះអាងថា ការដំឡើងប្រាក់ឈ្នួលអប្បរមា ឆ្នាំ២០១៧ មិនអាចកំណត់ឱ្យលើសពី «១៤៤.២ដុល្លារ» ក្នុង១ខែបាននោះទេ៕