(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីបញ្ចប់ សវនាការជម្រះក្តីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងត្រៀមប្រកាស សាលក្រមនៅវេលា ម៉ោង២រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ, លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ដំណើរការ នីតិវិធីរបស់តុលាការ នាព្រឹកមិញនេះ គឺជាតួនាទី និងកាតព្វកិច្ចតាមច្បាប់របស់ស្ថាប័នតុលាការ ពុំមាននរណាអាចជ្រៀតជ្រែកលើអំណាចនេះបានទេ!»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនោះ បានបន្តបញ្ជាក់ទៀតថា ដូចដែលយើងដឹងទាំងអស់គ្នាហើយថា ករណីនេះជារឿងបុគ្គលមិនមែនជារឿងបក្ស ហើយក៏ជារឿងច្បាប់ដែល មិនមែនជា រឿងនយោបាយនោះទេ!
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «ដំណើរការនីតិវិធីរបស់តុលាការនាព្រឹកនេះ គឺជាតួនាទី និងកាតព្វកិច្ចតាមច្បាប់របស់ស្ថាប័នតុលាការ ពុំមាននរណាអាចជ្រៀតជ្រែក លើអំណាចនេះបានទេ! ដូចដែលយើងដឹងទាំងអស់គ្នាហើយថា ករណីនេះជារឿងបុគ្គលមិនមែនជារឿងបក្ស ហើយក៏ជារឿងច្បាប់ដែលមិនមែន ជារឿងនយោបាយនោះទេ!»។
ការលើកឡើងរបស់លោក គឹម សន្តិភាព នាពេលនេះធ្វើឡើង ខណៈដែលតុលាការបានបញ្ចប់សវនាការក្តីសំណុំរឿងលោក កឹម សុខា និងធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ថ្លែងនៅទីស្នាក់ការ គណបក្សប្រឆាំងនាព្រឹកនេះ ដោយបានហៅចំណាត់ការរបស់តុលាការទៅលើរូបលោកជាចេតនាបញ្ចប់ ជីវិតនយោបាយរបស់លោក។
សូមជំរាបថា នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមបើកការ ជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ មាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញ ជាតំណាងអយ្យការ និង លោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕