(ភ្នំពេញ)៖ នៅខណៈពេលនេះម៉ោងប្រមាណ ៩៖៤០ នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការជម្រះក្តីលោក កឹម សុខា ហើយ ត្រៀមប្រកាសសាលក្រមនៅម៉ោង២រសៀលថ្ងៃនេះ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
សូមជំរាបថា នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមបើកការ ជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ មាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និង លោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕