(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីអ្នកព័ត៌មានរបស់ Fresh News នៅមុខសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មានការរុញច្រាន និងប៉ះពារគ្នាបន្តិចបន្តួចរវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ជាមួយកងកម្លាំងសមត្ថកិច្ចនៅមុខសាលាដំបូងរាជធានីភ្នំពេញ, ហើយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអធិការខណ្ឌ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការប៉ះពារគ្នានេះដោយសារតែកងកម្លាំងសមត្ថកិច្ច ព្យាយាមរារាំងក្រុមអ្នកគាំទ្ររបស់ គណបក្សសង្រ្គោះជាតិ ដែលឈររង់ចាំលទ្ធផលសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យមានការលើកបដាតវ៉ា និងការដើរចល័ត។
ក្រុមភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាននៅខាងមុខតុលាការក្រុង បានរាយការណ៍ថា មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួន អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរូបនេះ គឺដោយសារតែគាត់បានកាន់ម៉េក្រូ ស្រែកបំពងសម្លេង ពេលនោះសមត្ថកិច្ចបានទៅ ឃាមឃាត់ និងដកហូតតែគាត់មិនឲ្យ ទើបកម្លាំងសមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួនតែម្តង។ សកម្មជនបក្សប្រឆាំងរូបនេះ មានឈ្មោះ ដារ៉ា ហើយគាត់ក៏ជាសកម្មជនដីធ្លីផងដែរ។
សូមបញ្ជាក់ថា នៅម៉ោងជាង ៩៖០០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ កំពុងសវនាការជំនុំជម្រះលើ សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រម ព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជា បណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ៕