(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង៤,៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

*ករណីទី១៖ បំណែកសាច់ក្របីបង្កកចំនួន ៣,៥០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ សាច់បង្កកខុសច្បាប់នេះ នឹងត្រូវដុតកម្ទេចនៅថ្ងៃស្អែក។

*ករណីទី២៖ ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១,០៥០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រា វនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕