(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលជាអធិបតី នៅក្នុងពិធីបិទការផ្សព្វផ្សាយនិងបណ្តុះបណ្តាលស្តីពីការយល់ដឹងពីរបៀប នៃការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រដល់មន្រ្តីជំនាញ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពិធីនេះមានការចូលរួមពីសមាសភាពសិក្ខាកាមជាមន្រ្តីកងកម្លាំង និងមន្រ្តីរាជការស៊ីវិល មកពីបណ្តាគ្រប់ ក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ប្រមាណជាង២០០នាក់។

ក្នុងនាម លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមអគ្គលេខាធិកាដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល រាជធានី ខេត្ត និងអង្គភាព ពាក់ព័ន្ធទាំងអស់ដែលតែងតែបានរួមសហការគ្នា យ៉ាងសស្រាក់សស្រាំ ដោយមិននឿយហត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសម្រេចបាននូវលទ្ធផល គួរឲ្យកត់សម្គាល់ ជាពិសេសការអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាលេខ០១បប របស់ប្រមុខរាជរដ្ឋាភិបាលដែលបាន ដាក់ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានណែនាំដល់សិក្ខាកាម ដែលទទួលបាននូវចំណេះដឹង អំពីរបៀបនៃការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រនេះ សូមយកទៅអនុវត្ត និងចែករំលែក ទៅសហការីការងារនៅតាមបណ្តាអង្គភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងតម្លាភាព។

លើសពីនេះ ត្រូវបន្តទំនាក់ទំនងសហការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានកាន់តែក្លាំងក្លាថែមទៀត៕