(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំប្រជុំទ្វេភាគី រវាងក្រុមការងារអន្តរក្រសួងដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ដែលដឹកនាំដោយលោកស្រី ចាំង ជានហ័រ អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅប្រទេស។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងពិភាក្សាបន្ថែមលើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងលោក កុង លៀង អនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន៕