(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនជាប់ចោទ កឹម សុខា បានចេញមុខថ្លែងការណ៍នៅមុខទីស្នាក់ការ គណបក្ស នៅវេលាម៉ោង៩ព្រឹក ស្របពេលតុលាការបាននឹងកំពុងបើកសវនាការកាត់ក្តីសំណុំរឿងលើរូបលោកនៅពេលនេះដែរ។ ការចេញមកថ្លែងការណ៍របស់លោក កឹម សុខា នាព្រឹកនេះ គឺជាថ្លែងជាសាធារណៈមួយទៀត បន្ទាប់ពីរូបលោកបានសម្ងំក្នុងទីស្នាក់ការអស់រយៈពេលជាង ៣ខែមកហើយ។
សូមជំរាបថា កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបានគេដាក់ពង្រាយ នៅលើដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ គ្រាដែលសាលា ដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
ចំណែកនៅខាងមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យឯណោះវិញ គេក៏សង្កេតឃើញមានកម្លាំង សមត្ថកិច្ចជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយ។ ដោយឡែកខាងគណបក្សសង្រ្គោះជាតិ ក៏មិនធម្មតាពួកគេបានប្រមូលអ្នកគាំទ្រ ពីតាមបណ្តាខេត្តមកជាច្រើននាក់ ធ្វើការជួបជុំគ្នានៅទីស្នាក់ការបក្ស ក៏ដូចជាទៅជួបជុំគ្នា នៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេស ការពារកុំឲ្យមានការបង្កការអុកឡុកណាមួយ ពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលបានប្រមូលផ្តុំនៅជុំវិញបរិវេណសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំចាំមើលលទ្ធផលនៃសវនាការលើសំណុំរឿងរបស់លោក កឹម សុខា៕