(ភ្នំពេញ)៖ សមត្ថកិច្ចការិយាល័យអនុវត្តដីកា នៃនាយកដ្ឋានគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រង ផលិតកម្ម ភាពយន្ត Long Production បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ រំលោភលើទំនុបចិត្ត នូវទឹកប្រាក់ ៣៩០០០ដុល្លារ។
ការបញ្ជូនខ្លួនមកសាលារដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ អ្នកគ្រប់គ្រងរូបនេះមានឈ្មោះ ពេជ្រ ច័ន្ទបូរី ភេទប្រុស អាយុ៣៣ឆ្នាំ យោងទៅលើបណ្តឹងរបស់ឈ្មោះ ស៉ឹម សូឡង អាយុ៣៥ឆ្នាំ ជាថៅកែផលិតកម្មសំណុំរឿងជនសង្ស័យ ស្ថិតនៅដៃព្រះរាជអាជ្ញារង លោក គុជ គឹមឡុង ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងទៅឈ្មោះស៉ឹម សូឡង ជាថៅកែផលិតកម្មបានឲ្យឈ្មោះ ពេជ្រ ច័ន្ទបូរី ដែលជាអ្នកគ្រប់គ្រងផលិតកម្ម ទៅទិញសម្ភារៈបំពាក់ស្ទូយឌីយ៉ូ ហើយឈ្មោះ ពេជ្រ ច័ន្ទបូរី បានទិញសម្ភារៈបំពាក់ស្ទូយឌីយ៉ូតាមដែលម្ចាស់ប្រើ ពេលដែលទៅទិញយកមកបំពាក់បានហើយ។ ថ្ងៃមួយម្ចាស់ត្រួតពិនិត្យសម្ភារៈ ហើយនៅពេលដែលពិនិត្យទៅ ឃើញថា សម្ភារៈដែលឈ្មោះ ពេជ្រ ច័ន្ទបុរី បានទិញ គឺសុទ្ធតែសម្ភារៈប្រភេទលេខ២។ ឃើញដូច្នេះម្ចាស់ផលិតកម្ម ក៏បាន ឲ្យអ្នកគ្រប់គ្រងឈ្មោះ ពេជ្រ ច័ន្ទបុរី យកទៅសម្ភារៈទាំងនោះទៅដូរយកសម្ភារៈលេខមួយមកវិញ ដូច្នេះឈ្មោះពេជ្រ ច័ន្ទបុរី ក៏ដោះសម្ភារៈទាំងនោះទៅ នឹងបានយកទៅបាត់តែម្តង។
លុះពេលដល់ថ្ងៃផលិតកម្មត្រូវថត ស្ទូយឌីយ៉ូនោះ មិនទាន់ត្រូវបានបំពាក់ឧបករណ៍ឡើងវិញនៅឡើយ ដូច្នេះម្ចាស់ផលិតកម្មហៅឈ្មោះ ពេជ្រ ច័ន្ទបុរី មកសួរ ហើយឈ្មោះ ពេជ្រ ច័ន្ទបុរី ចេះតែឆ្លើយដោះសារ និងព្យាយាមគេចខ្លួន មូលហេតុទាំងនេះបានជាម្ចាស់ផលិតកម្មដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឈានដល់ការឃាត់ ជនសង្ស័យកាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦ ពីបទរំលោភលើទំនុកចិត្ត៕