(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបានគេដាក់ពង្រាយនៅលើដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ គ្រាដែលសាលាដំបូងរាជ ធានីភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាម៉ោងប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ។
មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការពារកុំឲ្យមានការបង្កការអុកឡុកណាមួយ ពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលបានប្រមូលផ្តុំនៅជុំវិញបរិវេណសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំចាំមើលលទ្ធផលនៃសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។
ក្រៅពីមុខសាលាដំបូងរាជធានីភ្នំពេញ នៅតាមដឹងផ្លូវឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យឯណោះវិញ គេក៏សង្កេតឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយ។ ដោយឡែកខាងគណបក្សសង្រ្គោះ ជាតិ ក៏មិនធម្មតាពួកគេបានប្រមូលអ្នកគាំទ្រពីតាមបណ្តាខេត្តមកជាច្រើននាក់ ធ្វើការជួបជុំគ្នានៅទីស្នាក់ការបក្ស ក៏ដូចជាទៅជួបជុំគ្នា នៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ។
ការជួបជុំនេះធ្វើឡើងដើម្បីការពារលោក កឹម សុខា ខ្លាចមានការចាប់ខ្លួនណាមួយពីកងកម្លាំងសមត្ថកិច្ច នៅក្រោយពេលការប្រកាសសវនាការ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញនៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមបើកការជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ មាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និង លោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕