(ភ្នំពេញ)៖ ក្នុងនាមជាសមាជិកគណៈកម្មការទន្លេមេគង្គ លោក ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ។
គម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោមប្រធានបទជាច្រើនទៀត ត្រូវបានលើកមកជជែកនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ថងលុន ស៊ីសុលីត គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ព្រោះមិនមានប៉ះពាល់ដល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គម្រោងព្រែកជីកនេះ ដើរតួនាទីសំខាន់ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា។
បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេចតេជោហើយនោះ លោកប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដោយគ្មានការអល់ឯកនោះឡើយ។
ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ព្រោះថាឡាវ ជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តាប្រទេសតាមដងទន្លេមេគង្គ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
ទោះបីជាយ៉ាងណា គម្រោងនេះ កំពុងមានការប្រតិកម្មពីប្រទេសវៀតណាម និងទាមទារឱ្យមានការពន្យល់បន្ថែមពីភាគីកម្ពុជា។ ជាមួយគ្នានោះ អ្នកវិភាគវៀតណាមមួយចំនួន បានព្យាយាមចោទថាការជីកព្រែកនេះបម្រើដល់វិស័យយោធារបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានចេញមកច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ៕