(ភ្នំពេញ)៖ បន្ទាប់ពីការចាត់ចែងតាមនីតិវិធីអស់ជាច្រើនខែទីបំផុតទៅ សាលាដំបូងរាជធានីភ្នំពេញនៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមបើកការជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធ មិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ មាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និង លោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ។
ជាមួយនិងការជំនុំជម្រះក្តីលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃនេះ គេសង្កេតឃើញមានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និ ងតាមចំណុចមួយចំនួនទៀតនៅ ជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ខណៈកងកម្លាំងសមត្ថកិច្ចបានធ្វើការរឹតបន្តឹងសន្តិសុខខ្លាំងណាស់ផងដែរ។
កងកម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយ នៅតាមបណ្តាផ្លូវនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី០៨ ខែកញ្ញា មុនថ្ងៃបើកសវនាការមួយថ្ងៃ គេសង្កេតឃើញមានកងកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរតឹងរឹងផងដែរ តាមបណ្តាផ្លូវចូលមកកាន់រាជធានីភ្នំពេញ។ ការរឹតបន្តឹងសន្តិសុខធ្វើឡើង បន្ទាប់ពីមានព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានប្រមូលអ្នកគាំទ្ររបស់ខ្លួនមកប្រឆាំងការសម្រេចរបស់តុលាការលើសំណុំរឿងរបស់លោក កឹម សុខា។
សូមរំលឹកថា មុននឹងក្លាយជាជនជាប់ចោទក្នុងបទល្មើស «បដិសេធក្នុងការចូលខ្លួន» លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅក្នុងនាមជាសក្សី ចំនួនពីរលើកកាលពីខែឧសភា កន្លងទៅ ឲ្យចូលបំភ្លឺលើសំណុំរឿង «សញ្ចាកម្ម» ជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដែលត្រូវបានគេអះអាងតាមខ្សែអាត់សំឡេងជាអតីតនារីកំណាន់ចិត្តរបស់លោក កឹម សុខា នោះ។
ក្រោយពេលព្យាយាមគេចវេសមិនចូលបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» លោក កឹម សុខា ក៏ត្រូវបានចៅក្រមសាលាដំ បូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ចប់ដំណើរការនីតិវិធី ក៏ដូចជាការស៊ើបសួរកាលពីថ្ងៃទី២៣ ខែសីហា មុននឹងឈានដល់ការបើកសវនាការនាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ។ ទោសបញ្ញត្តិក្នុងបទល្មើសនេះ ជនជាប់ចោទអាចផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និង ពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល។
មានសំណួរជាច្រើនបានចោទសួរថា ក្រោយពេលជំនុំជម្រះក្តី តើកម្លាំងសមត្ថកិច្ចអាចនឹងចូលចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណា? លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា បើទោះបីតុលាការសម្រេចផ្តន្ទាទោសរយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញសេចក្តីសម្រេចពិសេសណាមួយទាក់ទងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ។
លោកពន្យល់បន្ថែមថា ទោះបីតុលាការសម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះ ពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាមបាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរនេះ។
លោកបានបញ្ជាក់បន្ថែមថា តាមមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីថ្ងៃប្រកាសសាលក្រម។ ក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍គិតពីពេលទទួលដំណឹងអំពីសាលក្រមដូចគ្នាផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា អាយុ ៦៣ឆ្នាំ ជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសម្ងំលាក់ខ្លួន ក្នុងទីស្នាក់ការបក្សនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមិនបានធ្វើដំណើរទៅទីណាទាំងអស់ អស់រយៈពេលជាង ៣ខែហើយ គិតចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ព្រោះខ្លាចមានការតាមចាប់ខ្លួនពីកងកម្លាំងសមត្ថកិច្ចលើសំណុំរឿងផ្តើមចេញពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេអះអាងថា ជាអតីតនារីកំណាន់ចិត្តរបស់លោកនោះ៕