(សិង្ហបុរី)៖ ពូជវីរ៉ុស Zika ដែលត្រូវបានគេរកឃើញ ក្នុងករណីចម្លងក្នុងតំបន់ចំនួន២ មកពីតំបន់ Sims Drive-Aljunied Crescent ប្រទេសសិង្ហបុរី មិនមែនត្រូវបានចម្លងចូលមកពី ទ្វីបអាមេរិកភាគខាងត្បូងនោះទេ ផ្ទុយទៅវិញពូជនេះ វាមានភាពស្រដៀងទៅនឹងពូជនៃវីរ៉ុស ដែលត្រូវបានគេរកឃើញ នាតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីអំឡុងឆ្នាំ១៩៦០មកម្ល៉េះ មុនពេលវាបានរីករាលដាលទៅកាន់ ប្រទេស French Polynesia នៅក្នុងឆ្នាំ២០១៣ និងក្រោយមកទៀតរីករាលដាល មកកាន់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៥។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ការវិភាគនេះ ត្រូវបានធ្វើឡើងដោយយោងតាមការសិក្សាជាបន្តបន្ទាប់មួយ ដោយមន្ទីរសុខាភិបាលសាធារណៈជាតិ នៃក្រសួងសុខាភិបាលសិង្ហបុរី (NPHL) និងវិទ្យាសា្ថនជីវសាស្ត្រ A*STAR ដែលបានចេញផ្សាយនូវលទ្ធផល នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញានេះ។
វីរ៉ុស Zika ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឈាមសត្វស្វាមួយក្បាល ក្នុងឆ្នាំ១៩៤៧ នាតំបន់ព្រៃ Zika ប្រទេសអ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក។ ការចម្លងមេរោគ នេះ ក្រោយមកត្រូវបានគេរកឃើញ នៅក្នុងខ្លួនមនុស្ស នាប្រទេសអ៊ូហ្គង់ដា និងសាធារណៈរដ្ឋតង់សានី ក្នុងឆ្នាំ១៩៥២។ នេះបើប្រភពពីមន្ទីរ NPHL និងវិទ្យាស្ថាន A*STAR បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន។
សូមបញ្ជាក់ថា មានករណីថ្មីមួយចំនួនទៀត នៃការចម្លងវីរ៉ុស Zika ក្នុងតំបន់ ត្រូវបានគេបញ្ជាក់ថា មាននៅថ្ងៃពុធ បណ្តាលឲ្យចំនួនសរុប នៃវីរ៉ុស Zika ក្នុងប្រទេសសិង្ហបុរី កើនឡើងដល់២៩២ករណី។ នេះបើតាមទិន្នន័យបញ្ជាក់ដោយក្រសួងសុខាភិបាល៕