(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ហើយនៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជា ការចូលរួមចំណែករបស់វៀតណាមដល់ពាណិជ្ជកម្មតំបន់ ការពង្រឹងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់ និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

បន្ទាប់មក លោកអគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសជាមួយសារព័ត៌មាន The World and Viet Nam Report ។ នៅក្នុងកិច្ចសម្ភាសនោះ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកពីគំនិត និងទស្សនៈរបស់គាត់ ស្តីពីសារៈសំខាន់នៃការរៀបចំវេទិកាអនាគតអាស៊ានលើកដំបូង ព្រមទាំងការចូលរួមចំណែករបស់វៀតណាម នៅក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់។

ក្រោយមក លោកអគ្គលេខាធិការអាស៊ាន បានជួបជាមួយយុវជនអាស៊ាន ដើម្បីពិភាក្សាអំពីតួនាទីរបស់យុវជនអាស៊ាន ក្នុងការរៀបចំអនាគតរបស់អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន បានទទួលស្គាល់អំពីឥទ្ធិពលដ៏សំខាន់នៃគំនិតផ្តួចផ្តើមនានាដឹកនាំដោយយុវជន និងការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងការជំរុញការយល់ដឹង សាមគ្គីភាព និងវឌ្ឍនភាព ព្រមទាំងបានលើកទឹកចិត្តឱ្យពួកគេបន្តការចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍អាស៊ាន។

នៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ASEAN Square នៅបណ្ឌិតសភាការទូតវៀតណាម។ នៅក្នុងពិធីនោះ លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថា និងបានកាត់ខ្សែបូរួមជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបជាមួយតំណាងបណ្ឌិតសភាការទូតវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ស្ថាប័នវិភាគស្រាវជ្រាវ ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរផ្នែកសិក្សាធិការនៅក្នុងតំបន់។

បន្តមកទៀត លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន និងបញ្ហាតំបន់ដែលកំពុងលេចឡើងផងដែរ។

ចុងក្រោយ លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារស្វាគមន៍ រៀបចំដោយ លោក Bui Thanh Son ក្នុងឱកាសវេទិកាអនាគតអាស៊ាន៕