(ភ្នំពេញ)៖ ប្រមុខការទូតចិន លោក វ៉ាង យី បានប្រកាសបង្ហាញជំហររដ្ឋាភិបាលរបស់ខ្លួនបន្តប្រឹងប្រែងគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈជំរុញវិស័យកសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យា។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោក វ៉ាង យី បានលើកឡើងថា ចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ជាមួយគ្នា។ លោក វ៉ាង យី បានសម្តែងក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តកិច្ចសហប្រត្តិការទាំងឡាយបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប។
ប្រមុខការទូតចិន ដែលចេញចូលកម្ពុជាយ៉ាងញឹកញាប់រូបនេះ បានគូសរំលេចថា កម្ពុជាមានតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ហើយដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិនកាលពីឆ្នាំ២០២៣ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ប្រមុខការទូតចិន បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍លោករដ្ឋមន្ត្រី វ៉ាង យី និងគណៈប្រតិភូប្រកបដោយភាពកក់ក្តៅបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។
បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ក៏បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។
តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិន នឹងកើនឡើងថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ។ ក្នុងនោះលោក វ៉ាង យី បានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការរៀបចំផែនការមេឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើចិនពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕